ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បាន​បង្កើត​រឿង​ដ៏​មិនគួរ​ឱ្យ​ចង់​ជឿមួយ គឺការ​រកបាន​២​គ្រាប់ជាប់ៗ​គ្នា ក្នុង​រយៈ​ពេលត្រឹម៥នាទី ដើម្បី​ជួយស្រោចស្រង់ ក្រុម​បឹងកេត ឱ្យ​ឡើង​ទៅ​កាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាមួយក្រុម​ភ្នំពេញក្រោន វិសាខា និងព្រះខ័នរាជស្វាយរៀង ដែល​សុទ្ធតែ​បាន​ទម្លាក់គូ​ប្រកួតរៀងៗ​ខ្លួន សម្រាប់ការ​ប្រកួត​វគ្គ​ជម្រុះ​៨ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​អង្គារ ម្សិលមិញ។

ការ​រក​បាន​ម្នាក់​១​គ្រាប់របស់​ខ្សែ​ប្រយុទ្ធ​ជើង​ចាស់ គួច សុកុម្ភៈ នៅនាទីទី​៤ និងការ​បន្ថែម​១​គ្រាប់ទៀត​របស់ នុប តុលា នៅនាទីទី​ ៨៥ វា​ស្ទើតែ​ជាលទ្ធផលផ្លូវការ សម្រាប់​ក្រុម​ណាហ្គាវើលដ៍ យក​ឈ្នះក្រុមបឹងកេត ទៅ​ហើយ ព្រោះបឹងកេត ក៏ហាក់អស់ទំនុក​ចិត្ត ក្នុងការ​តាម​រក​គ្រាប់បាល់​ផងដែរ។

ប៉ុន្តែ​រឿង​ដែលនឹក​ស្មានមិនដល់ បាន​កើត​មានឡើង នៅពេលខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា រក​បាន​១​គ្រាប់ តាមពី​ក្រោយ នៅនាទីទី​៨៩ រួច​បានបន្ថែម​១​គ្រាប់ទៀត នៅនាទីទី ៩០+៣ នោះ ហើយ​ជាមួយ​លទ្ធ​ផល​ស្មើ​គ្នា ២-២ បាន​ធ្វើ​ផ្តល់​ឱកាស​ឱ្យក្រុមបឹងកេត បាន​ឈាន​ទៅ​ដល់​ការ​ទាត់​បាល់​ប៉េណាល់​ទីកាត់សេចក្តី ជាមួយ ណាហ្គាវើលដ៍ និង​បាន​យក​ឈ្នះ​ដ៏គួរឱ្យភ្ញាក់​ផ្អើល ៨-៧ ជាមួយ​ការទាត់​រហូត​ដល់​ម្ខាង​៨​ដង។

ជាមួយ​លទ្ធផល​ដ៏​មិនគួរ​ឱ្យ​ជឿនេះ បានជួយ​ឱ្យក្រុមបឹងកេត អាច​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ដ៏​គួរ​ឱ្យ​រំភើប​បំផុត ដោយ​ពួកគេ ត្រូវ​ប្រឈមជាមួយ​ក្រុមម្ចាស់​ជើងឯក វិសាខា ដែលបានលត់ក្រុម​អាស៊ីអឺរ៉ុប រហូត​ដល់ ៦-០ កាលពី​ថ្ងៃអង្គារ​នោះ​ដែរ ហើយ​ក្នុង​នោះ កែវ សុខផេង អាច​រកបាន​៣​គ្រាប់តែ​ម្នាក់ឯង ជា​លើកទី​២ បន្ទាបន់ពី​ធ្វើបាន​សម្រេច​លើកទី​១ កាល ​វិសាខា យក​ឈ្នះក្រុមខេត្តបន្ទាយមានជ័យ ៨-០ ក្នុង​វគ្គ​ជម្រុះ​១៦​ក្រុម​ចុង​ក្រោយ។

ផ្ទុយ​ពីនេះ​ក្រុម​អគ្គិសនីកម្ពុជា បានបរាជ័យទាំង​ស្រុង សម្រាប់ការ​ស្វែង​រក​ឱកាស ឡើង​ទៅ​វគ្គ​បន្ត ព្រោះ​ការ​រកបាន​១​គ្រាប់របស់​ សំអុល ទីណា បាន​ជួយ​ឱ្យក្រុម​ភ្នំពេញ​ក្រោន អាច​យក​ឈ្នះមួយនេះ​ត្រឹម ១-០ ដ៏តានតឹង ដើម្បី​ឡើង​ទៅជួប​ក្រុមព្រះ​ខ័នរាជស្វាយរៀង ដែលបាន​យក​ឈ្នះ​ក្រុម​អង្គរ​ថាយហ្គឺរ ៣-០ ក្នុង​វគ្គជម្រុះ៨​ក្រុម​ចុងក្រោយ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ នោះ​ដែរ៕