ក្លិប​អ្នក​មាន​ទ្រព្យ វិសាខា បាន​នាំ​យក​កីឡាករ​សម្បូរ​បទពិសោធ​ជាជនជាតិ​ប្រេស៊ីល​​ចំនួន​​២​នាក់ ដើម្បី​មក​ជួយក្រុម ត្រៀម​ការ​ប្រកួត​ប្រជែង នៅរដូវ​កាលថ្មី ឆ្នាំ​២០២២ ប៉ុន្តែ​ខ្សែ​បម្រើ​ជប៉ុន ធ្លាប់​លេង​យូរឆ្នាំ នៅ​ក្លិ​បឹងកេត បានសម្រេច​ចាកចេញ​ពី​ក្លិប មាន​មូល​ដ្ឋាន​នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែរវ៉េ នេះ​ហើយ។

កីឡាករ​ជនជាត់​ប្រេស៊ីល ដែល​ក្លិប​វិសាខា ទើប​នាំ​យក​មក​ជួយ​ក្រុម​ត្រៀម​រដូវ​កាលនេះ ​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ Junior De Barros ដែល​គេ​ម្នាក់នេះ ធ្លាប់​ជា​អតីតសមាជិករបស់ក្លិប Athletico Paranaense លីគកំពូល​របស់ប្រទេសប្រេស៊ីល និងធ្លាប់​លេង​ឱ្យ​ក្លិប Ho Chi Minh City FC លីគកំពូល របស់ប្រទេសវៀតណាម។

ចំណែក​ម្នាក់ទៀត គឺ​​ខ្សែបម្រើប្រយុទ្ធ Marcos Vinícius ហើយ​កីឡាករវ័យ​២៦​ឆ្នាំ ​មាន​កម្ពស់ ១,៧៧​ម៉ែត្រ ​រូប​នេះ ធ្លាប់លេង​ឱ្យ​ក្លិប​ជា​ច្រើន នៅ​ប្រទេស​ប្រស៊ីល មុនពេល​រូបគេ​ បាន​ចាកចេញ​ពី​ក្លិប Santa Cruz លីគទី៣ របស់ប្រទេសប្រេស៊ីល មក​​ចូល​រួមជាមួយ​ក្រុម​វិសាខា នាពេល​នេះ។

ខ្សែ​ប្រេយុទ្ធ Marcos Vinicius នឹង​ពាក់អាវលេខ១៧ សម្រាប់ការ​មក​លេង​ឱ្យក្រុម​វិសាខា ខណៈ Junior De Barros នឹង​ពាក់អាវលេខ១២ ហើយ​អ្នកទាំង​២​នេះ បាន​បង្ហាញ​ខ្លួន សម្រាប់ការ​ហ្វឹក​ហាត់ជា​ផ្លូវការ នៅកីឡដ្ឋានព្រីន របស់​វិសាខា ជា​ផ្លូវ​ការ​ហើយ។

ផ្ទុយ​ពីនេះ​ក្លិប​បឹងកេត បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ជប៉ុន Mizuno Hikaru កាល​ពី​ថ្ងៃ​ចន្ទ ម្សិលមិញ។ ខ្សែ​បម្រើ​ជនជាតិជប៉ុន​ពាក់លេខ​២៨​រូបនេះ បាន​ក្លាយជា​កីឡាករ​បរទេស ដែល​បាន​លេង​ឱ្យ​ក្លិប​បឹងកេត យូរ​ឆ្នាំ​ជាង​គេ គឺ​៥​ឆ្នាំ​មក​ហើយ ហើយ​គេ​ជាកីឡាករ ដែលនាំ​លេង​យ៉ាង​សំខាន់មួយ​រូប​ផងដែរ នៅ​ក្នុង​ក្រុម​បឹងកេត។

នៅមិនទាន់​មាន​ព័ត៌មាន​ផ្លូវការ​ថា Mizuno Hikaru នឹង​ចូល​រួមជាមួយ​ក្លិបណា​មួយ នៅ​កម្ពុជា នៅ​ឡើយ​ទេ ប៉ុន្តែ​នៅ​ក្នុងការ​ប្រកាស​ចែក​ផ្លូវ​គ្នា​នេះ ក្លិប​បឹងកេត បាន​ជូន​ពរ​ឱ្យ Mizuno Hikaru មានសំណាង​ល្អ និង​ទទួលបានជោគ​ជ័យ សម្រាប់​ការ​ចូល​រួមជាមួយក្រុម​ថ្មី នាពេល​ខាង​មុខ​នេះ៕