ក្រុម​បឹងកេត បាន​បរាជ័យ​រួច​ទៅ​ហើយ សម្រាប់ការ​ការពារ​តំណែង​ជើងឯក​របស់​ខ្លួន​​ នៅលីគកំពូល​កម្ពុជា ឆ្នាំ​២០២១​នេះ ប៉ុន្តែ​ពួកគេ នឹង​ក្លាយ​ជា​អាជ្ញាកណ្តាល ដែល​ត្រូវកំណត់​ពី​ជោគវាសនា សម្រាប់ក្រុម ដែលនឹងត្រូវ​ឈ្នះ​ជើងឯកលីគកំពូល សម្រាប់ការប្រកួត​​បិទ​រដូវ​កាល នៅថ្ងៃ​សុក្រ​នេះ។

ពិតណាស់ ក្រុម​បឹងកេត នៅសល់​ត្រឹម​ឱកាស​ការពារ​ទីតាំងលេខ​៤ ពីការ​ប្រជែងដោយ​ប្រយោល​​របស់​ក្រុម​ណាហ្គាវើលដ៍ តែ​ប៉ុណ្ណោះ ហើយពួកគេ បានត្រឹម​សម្លឹងមើល​ពីការប្រជែង​គ្នា​រកពាន​រវាង​ក្រុម​ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង និង​ក្រុមវិសាខា ដែល​ក្រុមទាំង​៣​នេះ នៅ​តាម​​ឱកាស​ដូចគ្នា។

តែ​ទោះបីជា​យ៉ាង​ណា នៅ​ក្នុងចំណោម​ក្រុម​ទាំង​៣នេះ ភ្នំពេញក្រោន ជា​ក្រុម​ដែលមាន​ភាគ​រយខ្ពស់ជាង​គេ សម្រាប់ការ​ឈ្នះ​ពាន នៅរដូវកាលនេះ ព្រោះតាម​រយៈ​ការ​ប្រកួត​ចំនួន​១៨​លើក​កន្លង​មកនេះ ភ្នំពេញក្រោន មាន​៤១ពិន្ទុ លើស​ក្រុម​វិសាខា និងស្វាយរៀង ដែលមាន​​៣៩​ពិន្ទុ​ដូចគ្នា។

ជាមួយ​គ្នា​នេះ ដោយសារ​ក្រុមទាំង​៣ ខាង​លើក ត្រូវ​ប្រជែង​គ្នា​ ដោយ​ប្រយោល ដើម្បី​រក​ក្រុមត្រូវ​ឈ្នះពាន នៅ​ថ្ងៃសុក្រ​នេះ អ៊ីចឹង​ក្រុម​បឹងកេត ដែលជួប​ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញក្រោន បាន​​គេ​ចាត់ទុក​ថា ជា​អាជ្ញាកណ្តាល និងជា​ក្រុម ដែល​ត្រូវកំណត់ពី​ជោគវាសនា ព្រោះ​បើសិនជា ពួកគេ បន្តចាញ់ក្រោម​ដៃ ភ្នំពេញក្រោន នោះ ភ្នំពេញក្រោន នឹងត្រូវ​លើកពាន ដោយ​មិនចាំបាច់​ខ្វល់​ពីលទ្ធផលប្រកួត​របស់​ក្រុម​វិសាខា និង ស្វាយរៀង នោះទេ។

ផ្ទុយ​ទៅវិញ បើ​សិនជា បើ​សិនជា បឹងកេត អាច​យក​ឈ្នះ​ក្រុមភ្នំពេញ​ក្រោន បាន​វិញ នៅ​ថ្ងៃ​សុក្រ​នោះ នោះ​ឱកាស​ឈ្នះ​ពាន នឹ​ង​ធ្លាក់ទៅ​លើ វិសាខា ឬក៏​ក្រុមស្វាយរៀង វិញ​ម្តង ខណៈ​នៅថ្ងៃ​សុក្រ​នេះ វិសាខា ត្រូវជួប​ក្រុម​កង​យោធពល​ខេមរភូមិន្ទ ដែលទើប​បណ្តេញ​អ្នកចាត់ការ​​ក្រុម​លោក Lee Tae-hoon រីឯ​​ក្រុមស្វាយរៀង ត្រូវ​ជួបក្រុម​ម្ចាស់​ផ្ទះ អង្គរថាយហ្គឺរ ស្រប​ពេល ណាហ្គាវើលដ៍ ត្រូវ​ស្វាគមន៍​ក្រុម​គិរីវង់សុខសែន​ជ័យ ហើយការ​ប្រកួតទាំង​៤​គូ​នេះ ត្រូវ​ចាប់ពី​ម៉ោង ៣:៣០ រសៀល តទៅ​ដូចគ្នា៕