បរទេស៖ Liverpool បានបញ្ចប់ប្រវត្តិមិនទាន់ស្គាល់ចាញ់ ១០ ប្រកួតរបស់ Arsenal គ្រប់ក្របខណ្ឌប្រកួតចុងក្រោយ ជាមួយនឹងជ័យជម្នះដ៏ត្រចះត្រង់ក្នុងលទ្ធផល៤ទល់និង០នៅទឹកដី Anfield Road សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១២កាលពីយប់ថ្ងៃសៅរ៏ ។

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិសេណេហ្គាល់Sadio Mane រកបានគ្រាប់បើកឆាកដោយការតែតបញ្ចូលទីក្រោយការលើកបាល់ពិន័យ Free-kick របស់ខ្សែការពារស្លាប Trent Alexander-Arnold ក្នុងតង់ទីមួយនាទី៣៩។ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់Diogo Jota មានឪកាសរកបានគ្រាប់បាល់យ៉ាងងាយស្រួលក្រោយការបង្កកំហុសរបស់ Nuno Tavares នៅតង់ទី២នាទីទី៥២ មុនពេល Mohamed Salah បន្ថែមគ្រាប់បាល់ទីបីក្រោយការបញ្ចូនរបស់Sadio Mane នៅនាទីទី៧៣ ។

ខ្សែការពារស្លាបស្តាំ Alexander-Arnold បានដើរតួនាទីដ៏សំខាន់ម្តងទៀត បន្ទាប់ពីបានបញ្ជូនបាល់ដល់កីឡាករបម្រុង សញ្ជាតិជប៉ុនTakumi Minamino បញ្ចប់គ្រាប់បាល់ទី៤ចុងក្រោយ បន្ទាប់ពីប្តូរចូលក្នុងនាមកីឡាករបម្រុងត្រឹមតែ៤៨ វិនាទីប៉ុណ្ណោះ ។ជ័យជម្នះដ៏សំខាន់លើគូប្រជែងបានជម្រុញក្រុមលោកJurgen Kloppឡើងទៅឈរនៅចំណាត់ថ្នាក់លេខ២ នៅក្របខណ្ឌ Premier Leagueដោយមានគម្លាតពីក្រុមនាំមុខតារាងChelsea ៤ពិន្ទុក្រោយពីក្រុមលោក Thomas Tuchel លត់ម្ចាស់ផ្ទះLeicester City ៣ទល់និង០ ខណៈដែល Arsenal បន្តឈរនៅលេខរៀងទី ៥៕
ប្រភពព័ត៍មាន៖ BBC
