បរទេស៖ ក្រុម​ Everton បាន​​ធ្វើ​ឲ្យ​ខ្លួន​​ឯង​មាន​សុវត្ថិភាព​ក្នុង​ការ​បន្ត​លេង​នៅក្រប​ខ័ណ្ឌ Premier League ក្រោយពី​បាន​បំពេញ​ការ​វាយ​បក​ដ៏រំភើបនៅ​តង់ទី​២ ពីការ​តាមពីក្រោយ​ ២-០ ដើម្បី​ផ្តួលក្រុម Crystal Palace ក្នុងលទ្ធ​ផល ៣-២ នៅ​ពីមុខ​អ្នក​គាំទ្រ​ដ៏ច្រើន​កុះ​ករ​ នា​កីឡដ្ឋាន Goodison Park​ កាលពីថ្ងៃព្រហស្បតិ៍​។

លោក Patrick Vieira អ្នក​ចាត់​ការ​ទូទៅ​របស់ក្រុម Crystal Palace បាន​ទាត់​អ្នក​គាំទ្រ​ម្នាក់ ស្រប​ពេល​ដែល​អ្នក​គាំទ្រ​ច្រើន​នាក់ បាន​រត់​ចូល​ក្នុង​ទីលាន​ប្រកួត ដើម្បី​អប់​អរចំនួន​២លើក ក្រោយពី​​គ្រាប់​បាល់​ឈ្នះ​របស់​ខ្សែ​ប្រយុទ្ធ Dominic Calvert-Lewin នៅ​រយៈពេល​៥នាទី​ចុងក្រោយ និង​ក្នុង​ពេល​ស្ថិត​ក្នុង​​ស្ថាន​ភាព​ជ្រួល​ច្របល់ បន្ទាប់​ពី​ការ​ផ្លុំ​កញ្ចែ​បញ្ចប់​​ការ​ប្រកួត​។ លោក Vieira បានបដិ​សេធ​ក្នុង​ការ​បក​ស្រាយ​លើ​ហេតុការណ៍​នេះ ដែល​បាន​កើត​ឡើង នៅពេល​ដែល​​លោក​ត្រូវ​បាន​ឡោមព័ទ្ធដោយ​អ្នក​គាំទ្រ​ Everton ក្នុង​ពេល​លោក​ដើរ​ទៅកាន់​បន្ទះ​ផ្លាស់ប្តូរ​សម្លៀក​បំពាក់​របស់​លោក​។

ជ័យ​ជម្នះនេះ គ្រប់​គ្រាន់​សម្រាប់​ក្រុម Everton ក្នុងការ​មិន​ចាំ​បាច់​បារម្ភ​ពី​វត្ត​មាន​រយៈ​​ពេល​៦៨​ឆ្នាំ​របស់​ពួកគេក្នុងក្រប​ខ័ណ្ឌ​កំពូល មុន​នឹង​ឈាន​ដល់​ថ្ងៃ​ប្រកួត​​ចុងក្រោយ​រដូវកាល​នេះ នា​ថ្ងៃ​អាទិត្យ​។ លោក Frank Lampard គ្រូបង្វឹក​ក្រុម Everton បាន​ឲ្យដឹងថា៖ «គ្រប់គ្នា​​នៅ​ខាង​ក្រៅ​ពិភព​លោក​នេះ នឹងនិយាយ​ថា យើង​បាន​ស្លាប់​ហើយ និង​កប់​នៅ​ពាក់​កណ្តាល​តង់ ប៉ុន្តែ​បុគ្គ​លិក​លក្ខណៈ​របស់​ក្លិប​នេះ បាន​ជួយ​ឲ្យ​យើង​ឆ្លង​ផុត​។ ស្មារតី​ពិត​ជាអស្ចារយ​។ ខ្ញុំ​ពិត​ជា​រំភើប​ណាស់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia