បរទេស​​៖ លោក Thomas Tuchel អ្នក​ចាត់​ការ​ទូទៅ​របស់​ក្រុម Chelsea បាន​និយាយ​ថា លោក​មាន​ការ​សប្បាយ​រីក​រាយ​ក្នុង​ការ «រងនូវ​ការ​វាយ​បក​ដ៏យុត្តិ​ធម៌» ពី​​គ្រូបង្វឹក​របស់​ក្រុម Tottenham លោក Antonio Conte ក្រោយពី​គ្រូ​បង្វឹក​ទាំង​២​រូបនេះ បាន​រង​ពិន័យ​កាត​ក្រហម​ចំពោះ​ការ​ប៉ះ​ទង្គិច​គ្នា​២លើក អំឡុង​ពេល​ការ​ទទួល​បាន​លទ្ធផល​ស្មើ ២-២ កាលពីថ្ងៃ​អាទិត្យ​។

ការ​​អប​អរ​ដ៏ជ្រុល​ហួស​ហេតុ​របស់​លោក Conte ក្នុង​ពេលក្រុម Spurs បាន​រក​គ្រាប់​បាល់​តាម​ស្មើ បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក​ទាំង​២ រង​ពិន័យ​កាត​លឿង​ដូចគ្នា សម្រាប់ការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​យ៉ាង​តឹងសរសៃ​ក​។ បន្ទាប់​មក លោក Tuchel បាន​ឆ្លើយ​តប​តាមរយៈ​ការ​​រត់នៅលើ​ខ្សែ​បន្ទាត់​​​នៃ​ទីលាន​ប្រកួត ដើម្បី​អប​អរ​ នៅពេល​ដែល​​ក្រុម Chelsea បាន​ដណ្តើម​ការ​នាំ​​យក​ជា​ថ្មី តាមរយៈ​ខ្សែ​ការ​ពារ Reece James ក្នុង​រយៈ​ពេល​១៣​នាទី​​ចុងក្រោយ​។ ប៉ុន្តែ​គ្រាប់​បាល់​តាមស្មើ​នៅនាទី ទី​៩៦​របស់ Harry Kane មានន័យ​ថា លោក Conte បាន​បញ្ចប់​ការ​ប្រកួត​ទាំង​ការ​រីក​រាយ​។ លោក Tuchel មិន​ស្បាយ​ចិត្តឡើយ​ចំពោះ​គ្រូបង្វឹក​សញ្ជាតិ​អ៊ីតាលី​រូបនេះ ​ចំពោះ​ការ​មិន​សម្លឹង​មុខ​របស់​លោក អំឡុង​ពេល​​ចាប់​ដៃ​គ្នារលាក់ ពេល​បញ្ចប់​ការ​ប្រកួត ដែលនាំ​ឲ្យ​មានការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​គ្នា​មួយ​ផ្សេងទៀត​រវាង​គ្រូបង្វឹក និងកីឡាករ​ទាំង​២​ក្រុម​។

ស្រប​ពេល​ដែល​អាកាស​ធាតុ​ឡើង​ខ្ពស់​ជាង​៣០​អង្សា​សេ​ក្នុង​រដ្ឋ​ធានី​របស់​អង់គ្លេស លោក Tuchel បាន​និយាយ​ថា៖ «អាកាស​ធាតុ​ពិត​ជា​ក្តៅ និង​ក្តៅ​គគុក​រវាង​​បុគ្គ​លិក​គ្រូបង្វឹក និង​​បុគ្គ​លិក ហើយ​វា​ក៏មាន​ភាព​ក្តៅ​គគុក​នៅលើ​ទីលាន និង​អ្នក​គាំទ្រ​ផង​ដែរ​។ ខ្ញុំ​មិន​មាន​អារម្មណ៍​អន់​ចិត្ត​ខ្លាំង​ឡើយ​។ ខ្ញុំ​មាន​អារម្មណ៍​ថា វា​គឺ​ជា​ការ​វាយ​បក​​គ្នា​ដ៏​យុត្តិ​ធម៌ពី​រូប​លោក និង​ពី​ខ្ញុំ​ផ្ទាល់​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia