បរទេស៖ លោក Jurgen Klopp បាននិយាយថា ក្រុមហង្សក្រហម Liverpool មិនអាចបែកអារម្មណ៍របស់ពួកគេ ដោយសារតែការសម្លឹងរកតែការសងសឹក នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុម Everton ក្នុងការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុង Merseyside ដូចគ្នា នៅរាត្រីនេះឡើយ។
ខ្សែការពារ Virgil van Dijk បានរងរបួសជង្គង់នៅក្នុងដំណាក់កាលសំខាន់ នៅពេលដែលក្រុមទាំង២ បានជួបប្រកួតគ្នា នាកីឡដ្ឋាន Goodison Park កាលពី១៣ខែមុន ដោយសារតែប្រជែងដណ្តើមបាល់ដ៏គ្រោះថ្នាក់ ពីអ្នកចាំទី Jordan Pickford របស់ Everton។ ខ្សែបម្រើ Thiago Alcantara ក៏បានរងរបួសរយៈពេលវែងផងដែរ ដោយសារតែការព្យាយាមប្រជែងដណ្តើមបាល់របស់ខ្សែបម្រើប្រយុទ្ធ Richarlison ក្នុងការប្រកួតគ្នាយ៉ាងស្វិតស្វាញ បើទោះបីអ្នកគាំទ្រមិនបានចូលរួមក៏ដោយ។ សម្រាប់ជាលើកទី១ក្នុងរយៈពេល៣ឆ្នាំ ការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយនេះ នឹងត្រូវប្រព្រឹត្តទៅនៅពីមុខអ្នកគាំទ្រពេញកីឡដ្ឋាន Goodison ខណៈដែល Everton សម្លឹងរកការផ្តល់ការខកចិត្តដល់ការព្យាយាមប្រជែងដណ្តើមពានរបស់ Liverpool។ ប៉ុន្តែ លោក Klopp បាននិយាយថា ក្រុមហង្សក្រហម ត្រូវតែផ្តោតលើការអនុញ្ញាតឲ្យបាល់របស់ពួកគេជាអ្នកនិយាយ។
លោក Klopp បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងលេងកីឡាបាល់ទាត់។ យើងនៅតែជាក្រុមដែលមានការរំជួលចិត្តមួយ ប៉ុន្តែ អ្នកត្រូវតែប្រើប្រាស់ការរំជួលចិត្តនោះក្នុងរបៀបដែលត្រឹមត្រូវ ហើយនោះគឺជាផែនការរបស់យើង។ យើងដឹងពីចំណុចដែលអ្នកគាំទ្រចង់បាន ហើយយើងព្យាយាមបំពេញក្តីសុបិន និងបំណងប្រាថ្នារបស់ពួកគេ»៕
ប្រភពព័ត៌មាន៖ Channel News Asia
 
                

