បរទេស៖ គ្រាប់បាល់បើកឆាកពី Lucas Moura និងគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់នៅតង់ទី២ពីកីឡាករ Davinson Sanchez និង Son Heung-min បានជួយឲ្យ Tottenham Hotspur ដណ្តើមបានជ័យជម្នះ៣លើកជាប់ៗគ្នាក្នុងក្របខ័ណ្ឌ Premier League ខណៈដែលពួកគេបានផ្តួលក្រុម Norwich ក្នុងលទ្ធផល ៣-០ លើទឹកដីខ្លួនឯងកាលពីថ្ងៃសៅរ៍។
ជ័យជម្នះនេះ បានជួយឲ្យក្រុម Spurs ឡើងឈរលខ៥ ដោយមាន២៥ពិន្ទុ ពីការប្រកួត១៤លើក ដោយដេញតាមពីក្រោយក្រុមលេខ១ចំនួន១០ពិន្ទុ ខណៈដែលនៅសល់១ប្រកួតក្នុងដៃ បន្ទាប់ពីគ្រូបង្វឹកថ្មីលោក Antonio Conte បានបន្តបង្ហាញពីឥទ្ធិពលរបស់លោក។
ស្របពេលជាមួយគ្នានេះ ក្រុម West Ham United បានធ្វើឲ្យក្រុម Chelsea ជួបការខកចិត្ត តាមរយៈការយកឈ្នះក្នុងលទ្ធផល ៣-២ កាលពីថ្ងៃសៅរ៍ ក្រោយពីបានវាយបកដញតាមពីក្រោយ២លើក មុននឹងដណ្តើមបាន៣ពិន្ទុពេញតាមរយៈគ្រាប់បាល់របស់កីឡាករ Arthur Masuaku។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Chelsea ធ្លាក់ទៅឈរក្នុងចំណាត់ថ្នាក់លេខ៣ ក្រោយពីក្រុម Manchester City និង Liverpool បានកត់ត្រាជ័យជម្នះរៀងៗខ្លួនកាលពីថ្ងៃសៅរ៍៕
ប្រភពព័ត៌មាន៖ Channel News Asia


