បរទេស៖ ក្រុម​ហង្សក្រហម Liverpool បាន​ជម្នះ​លើ​បញ្ហានៃការ​ផ្ទុះកូវីដ ១៩ ដើម្បី​​រក្សា​ស្ថិត​ក្នុង​ការ​ប្រជែង​ដណ្តើម​ពានក្រប​ខ័ណ្ឌ Premier League ក្រោយពី​បាន​យក​ឈ្នះ​លើក្រុម Newcastle ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល Trent Alexander-Arnold បាន​ស៊ុត​បាល់​បញ្ចូល​ទីយ៉ាងល្អ​។

Liverpool បាន​អវត្តមាន Virgil van Dijk និង Fabinho ដោយ​សារ​តែករណីឆ្លង​កូវិដ ១៩ នៅមុន​ពេល​​ការ​ប្រកួត ខណៈ​ដែល​ ការ​ផ្ទុះ​ការ​ឆ្លង​ជាថ្មីនៅ​អង់គ្លេស កំពុង​តែ​គំរាមដល់​ការ​ផ្អាក​ការ​ប្រកួតនៅ​រដូវកាលនេះ​។ Liverpool បានជួប​ភាព​ស្រឡាំង​កាំង​នៅ​ដើម​តង់​ នៅពេល​ដែលកីឡាករ Jonjo Shelvey បាន​រក​គ្រាប់បាល់​បើកឆាក នៅពេលប្រកួត​ជាមួយនឹង​អតីត​ក្លិប​​រប់សគេ ក្រោយពី​លេង​បាន​ត្រឹម​តែ​៧នាទី​។ ប៉ុន្តែ Newcastle នៅ​តែ​ឡើង​មិន​រួច​ពីតំបន់​កាត់ចោល ខណៈ​ដែលគ្រាប់បាល់​ស៊ុត​បញ្ចូល​ទីពីកីឡាករ Diogo Jota និង Mohamed Salah បានផ្លាស់ប្តូរការ​ប្រកួត​វិញ នៅមុន​ពេល​​បញ្ចប់​តង់ទី​១​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទី​យ៉ាងល្អពី Alexander-Arnold នៅ​រយៈពេល​៤នាទី​ចុងក្រោយ បាន​បំពេញ​ជ័យ​ជម្នះ​៨​លើក​ជាប់​ៗ​គ្នា​សម្រាប់ក្រុម​របស់​លោក Jurgen Klopp តែម្តង ខណៈ​ដែលពួក​គេ​តាមពីក្រោយ​ក្រុម Manchester City ត្រឹម​តែ​១ពិន្ទុ​គត់​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia