បរទេស៖ ក្លិប​ស្ថិតក្នុង​ក្រប​ខ័ណ្ឌ Premier League និង EFL បាន​សម្រេច​​ជ្រើស​រើស​បំពេញ​កម្ម​វិធី​ប្រកួត​នា​រដូវ​បុណ្យ​ទាន​របស់​ខ្លួន បើ​ទោះ​បី​មាន​ការ​រំខាន​ដោយ​សារ​តែ​វិបត្តិ​កូវីដ ១៩ ដែល​កំពុង​តែ​បន្ត​ក៏ដោយ​​។

សេចក្តី​សម្រេច​នេះ បាន​កើត​ឡើង បើ​ទោះបីកីឡាករ​របស់ក្រប​ខ័ណ្ឌ Premier League បាន​ទទួល​លទ្ធ​ផល​តេស្ត​វិជ្ជ​មាន​៩០​ករណី កាលពី​សប្តាហ៍​មុន​ក៏ដោយ​។ ក្លិប​ចំនួន​២០​របស់​ក្រប​ខ័ណ្ឌ Premier League បាន​ជួប​ប្រជុំ​គ្នា​កាលពីថ្ងៃ​ចន្ទ ដើម្បីពិភាក្សា​លើ​កម្ម​វិធី​ប្រកួត​ ក្រោយ​ពី​​ការ​ប្រកួត​​ចំនួន​៦ ត្រូវ​បាន​ពន្យារ​ពេល​កាលពី​ចុងសប្តាហ៍​ថ្មី​ៗ​នេះ​។ មិនមាន​ការ​បោះ​ឆ្នោត​បានប្រព្រឹត្ត​ឡើង​ឡើយ ហេតុនេះ ការ​ប្រកួត​២​ជុំ​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅក្នុង​រយៈ​ពេល​៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ស្រប​ពេល​ដែល​ក្រប​ខ័ណ្ឌ EFL នឹង​លេង​​ការ​ប្រកួត​របស់​ខ្លួន នៅ​កន្លែង​ដែលមាន​សុវត្ថិភាព​​។

វាធ្លាប់​​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា ការ​ប្រកួត​សប្តាហ៍​ទី​២០​នៃក្រប​ខ័ណ្ឌ Premier League ដែល​ចាប់​​ផ្តើម​នៅថ្ងៃ​ទី​២៨ ខែ​ធ្នូ នឹង​ត្រូវ​ពន្យារពេល ដើម្បី​កាត់​បន្ថយ​សម្ពាធ​លើ​ក្រុម​ស្ថិតក្នុងក្រប​ខ័ណ្ឌ Premier League​។ BBC Sport យល់​ឃើញ​ថា ចំណុច​ពិភាក្សា​មួយ ក្នុង​កិច្ច​ប្រជុំ គឺតម្រូវ​ឲ្យក្លិប​នីមួយៗ លេង​ការ​ប្រកួត​២លើក​នា​រដូវ​បុណ្យ​ទាន ក្នុង​ចំណោម​ការ​ប្រកួត​៣ជុំ ដែលមានន័យ​ថា គ្មាន​កម្ម​វិធី​ប្រកួត​ពេញ​ទាំងស្រុង នឹង​ត្រូវ​ពន្យារ​ពេល​ឡើយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia