បរទេស៖ ខ្សែ​ការ​ពារ Virgil van Dijk ខ្សែ​បម្រើ Thiago Alcantara, Fabinho និង Curtis Jones កំពុង​តែ​វិល​ទៅកាន់​ទីលាន​ហ្វឹកហាត់​វិញ ក្រោយពី​​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដោយ​សារ​តែ​ឆ្លង​កូវីដ ១៩​។ នេះបើយោង​ទៅតាម​ការ​បញ្ជាក់​របស់លោកគ្រូបង្វឹក Juergen Klopp កាលពីថ្ងៃចន្ទ​​។

នៅមុន​ពេល​ការ​ប្រកួត​ក្រប​ខ័ណ្ឌ Premier League នៅលើ​ទឹក​ដីក្រុម Leicester City នៅ​រាត្រីនេះ លោក Klopp បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ពិត​ណាស់ កីឡាករ​ទាំង​៤ ដែល​បាន​ធ្វើ​ចត្តាឡីស័ក ឬ​ក៏​ឆ្លង​កូវីដ ១៩ វិល​ត្រឡប់​មក​វិញ​ហើយ​។ កីឡាករ​ទាំង​នោះគឺ Fab, Virgil, Curtis និង Thiago»​។ គ្រូបង្វឹកស​ញ្ជាតិ​អាល្លឺ​ម៉ង់​រូបនេះ​បាន​បន្ថែម​ទៀត​ថា៖ «Thiago គឺ​ជា​កីឡាករ​ចុងក្រោយគេ រូប​គេ​បាន​វិល​មក​​វិញ និង​បាន​ហ្វឹកហាត់​កាលពី​ម្សិល​មិញ​ជាលើក​ដំបូង​ជាមួយនឹងក្រុម​។ យើង​មានកីឡាករ​វ័យ​ក្មេង​ម្នាក់​ទៀត​ដែល​កំពុង​តែ​ធ្វើ​ចត្តាឡីស័ក និង​បុគ្គ​លិក​២នាក់​ទៀត​។

វា​ពិត​ជា​លំបាក​បន្តិច ដោយជា​រៀង​រាល់​ព្រឹក​ ​មាន​អ្នក​ចេញ​ និង​អ្នក​ចូល ដូច​ជាការ​ចាប់​ឆ្នោត​អ៊ី​ចឹង​។ យើង​សង្ឃឹម​ថា វា​គ្មាន​បញ្ហា​អ្វីឡើយ ហើយ​នោះ​គឺ​ជា​ស្ថានភាព ប៉ុន្តែ ក្រៅពីនេះ យើងគ្មាន​បញ្ហា​ឡើយ​»​។ កម្ម​វិធី​ប្រកួតនៅ​ថ្ងៃ Boxing Day របស់ Liverpool ជាមួយ​នឹង​ Leeds United នា​កីឡដ្ឋាន Anfield ត្រូវ​បាន​ពន្យារ​ពេល ដោយ​សារ​តែ​ករណី​ឆ្លង​កូវីដ ១៩ និង​របួស​កីឡាករ​របស់ក្រុមភ្ញៀវ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia