បរទេស៖ ក្រុម Manchester City បាន​បន្ថែម​ពិន្ទុ​នាំមុខ​របស់​ពួកគេ​នៅលើ​កំពូល​តារាង​នៃក្រប​ខ័ណ្ឌ Premier League រហូត​ដល់​ទៅ​៨ពិន្ទុ កាលពីថ្ងៃពុធ ក្រោយពី​បានផ្តួលក្រុម Brentford ក្នុងលទ្ធផល ១-០ ខណៈ​ដែល Chelsea បាន​របូត​គ្រាប់បាល់​តាមស្មើ​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​​ជាមួយនឹងក្រុម Brighton​។

គ្រាប់បាល់​ស៊ុត​បញ្ចូល​ទីនៅ​តង់ទី​១របស់ Phil Foden គ្រប់គ្រាន់​ក្នុងការ​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​ជើង​​ឯក​របស់​លោក Pep Guardiola កត់ត្រា​ជ័យ​ជម្នះ​ជាលើក​ទី​១០​ជាប់​ៗ​គ្នា ក្នុង​ការ​ប្រកួតក្រប​ខ័ណ្ឌលីក​ ខណៈ​ដែលពួក​គេ​បាន​ដណ្តើម​យក​ប្រៀប​ទាំងស្រុង​ចំពោះការ​ភ្លាត់​ស្នៀត​របស់​ក្រុម Chelsea​ នៅកីឡដ្ឋាន Stamford Bridge​។ បច្ចុប្បន្ន Man City មាន​៥០ពិន្ទុ ក្រោយពីការ​ប្រកួត​២០​លើក ដែលនាំ​ឲ្យ​ពួកគេ​​នាំមុខ​៨ពិន្ទុ​លើក្រុម​ឈរលេខ​២ Chelsea ដែល​កំពុង​តែ​នាំមុខ​១ពិន្ទុ​លើក្រុម Liverpool​។

ក្រុម Chelsea របស់​លោក Thomas Tuchel ទំនង​ដូច​ជា​ដណ្តើម​បាន​ជ័យជម្នះ​ទៅហើយ ក្រោយពី​ Romelu Lukaku បានជួយ​ឲ្យ​ពួកគេ​រក​បានគ្រាប់​បាល់​នាំមុខ​នៅ​តង់ទី​១ នៅមុន​ពេលកីឡាករ​បម្រុង Danny Welbeck បាន​រក​គ្រាប់បាល់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត​ដើម្បី​តាមស្មើ​ក្នុងលទ្ធផល ១-១ តែម្តង​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia