ក្រុមភ្នំពេញ​ក្រោន ​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មើល​ឃើញ​កាន់តែ​ច្បាស់​ថា ពួកគេ​ស័ក្តិសម​នឹង ឈាន​ទៅរក​ការ​ឈ្នះ​ពាន​ សម្រាប់​ការ​ប្រកួត​បាល់​ទាត់​ជម្រើស​ជើង​ឯកបាល់ទាត់នារី ឆ្នាំ​២០២១ បន្ទាប់ពី​ពួក​គេ បានបន្តយក​ឈ្នះ​លើ​គូ​ប្រជែង​ដ៏ខ្លាំង គឺ​​​ក្រុម​ម្ចាស់​ជើង​ឯក ណាហ្គាវើលដ៍​កំពង់ស្ពឺ កាល​ពី​ថ្ងៃអាទិត្យ ចំណែក​ក្រុម​ជើង​ឯក​រង ព្រះខ័នរាជស្វាយរៀង បាន​រក​ឃើញ​លទ្ធផ​ល​ដ៏​ល្អ ដើម្បី​ស្រោចស្រង់​ភាព​ដុនដាប ចំពោះការ​ចាញ់​២​លើកជាប់ៗ​គ្នា កន្លង​មក​នេះ។

បើ​ទោះបីជា ការ​ប្រកួត​៣​លើក​កន្លងមក​នេះ ក្រុមនារី​ណាហ្គាវើលដ៍ បាន​ឈ្នះ​ទាំង​៣​ប្រកួត ដើម្បី​រក្សា​បាន​ភាព​ខ្លាំង​របស់​ខ្លួន ប៉ុន្តែពួកគេ មិនអាច​ធ្វើអ្វី​ទៅ​លើ​ក្រុម​ភ្ញៀវ ភ្នំពេញ​ក្រោន បាន​នោះ​ទេ សម្រាប់​ការ​ប្រកួត​លើក​ទី​៤ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ គឺ​ពួក​គេ​បាន​ចាញ់ ២-០ ដ៏គួរ​ឱ្យសោកស្តាយ។

តាម​រយៈ​ការ​ប្រកួត​ប្រជែង​យ៉ាង​ស្វិតស្វាញ​នោះ ក្រុមណាហ្គាវើលដ៍ និង​ភ្នំពេញក្រោន បាន​វាយ​បក​គ្នា​ទៅ​វិញទៅ​មក ហើយ​ក្រុម​ទាំង​២​នេះ សុទ្ធតែ​​បាន​បង្កើត​ឱកាស​រៀងៗ​ខ្លួន ប៉ុន្តែ​ណាហ្គាវើលដ៍ មិនអាច​រក​បាន​គ្រាប់​បាល់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​ការ​បញ្ចូន​បាល់​យ៉ាង​ស្អាត​​ពី​សំណាក់​មិត្ត​រួម​ក្រុម​បាន​ជួយ​ខ្សែ​ប្រយុទ្ធលេខ​១៩ ពឿន គន្ធា អាច​ស៊ុត​បំប៉ោងសំណាញ់​ទីឱ្យ ភ្នំពេញក្រោន នៅ​នាទីទី​៤០ ហើយ​កីឡាការិនី ស៊ីវហុង ដែល​ទើប​ប្តូរ​ចូល បានបន្ថែម​១​គ្រាប់​ទៀត នៅ​នាទីទី​៨២។

ការ​ទទួល​បាន​ជ័យជម្នះ​ដ៏​មាន​ន័យ​នេះ បាន​ជួយ​ឱ្យ​ក្រុម​នារី ភ្នំពេញក្រោន បាន​ឈរ​នៅលេខ​១ ដោយមាន​១២ពិន្ទុ​ពេញ ជាមួយការ​ឈ្នះ​ទាំង​៤​លើក ហើយការ​មាន​លទ្ធភាព​អាច​យក​ឈ្នះ​លើ​ក្រុម​នារី ណាហ្គាវើលដ៍ ដល់ ២-០ លើក​នេះ អាច​បង្ហាញ​ឱ្យ​ឃើញ​ថា ភ្នំពេញ​ក្រោន អាច​នឹង​មាន​ភាគ​រយខ្ពស់ ក្នុងការ​ឈាន​ទៅ​រក​ការ​ឈ្នះ​ពាន សម្រាប់​រដូវ​កាល ឆ្នាំ​២០២១​នេះ។

ចំណែកក្រុម​សៀម​រាប ក៏​បាន​បន្ត​យក​ឈ្នះ​លើ​ក្រុមនារី បឹងកេត ២-០ ដើម្បី​បន្ត​កំណត់​ត្រាឈ្នះទាំង​៤​ប្រកួត​ផងដែរ រីឯ​ក្រុម​នារី ព្រះ​ខ័នរាជស្វាយរៀង ដែល​ទើប​បាន​ចាញ់​ក្រុម​ណាហ្គាវើលដ៏ និ​ងក្រុម​សៀម​រាប នោះ បាន​លត់​ក្រុមមន្ទីរអយក​ខេត្តកណ្តាល ដល់ ១០-០ កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ គឺ​ស្រប​ពេល​ក្រុ​មមន្ទីរអយក​ខេត្ត​បាត់ដំបង បាន​យក​ឈ្នះក្រុមមន្ទីរ​អយក​ខេត្ត​កំពុងឆ្នាំង ៦-៣៕