ក្រុមនារី​ភ្នំពេញក្រោន មិនបានបន្ថយល្បឿន ក្នុងការឈាន​ទៅ​រក​ការ​ឈ្នះ​តំណែង​ជើង​ឯក នៃ​ការ​ប្រកួតជម្រើសជើង​ឯក​បាល់​ទាត់នារី ឆ្នាំ​២០២១ នោះទេ ខណៈ​ពួកគេ​ បានបន្ត​យក​ឈ្នះ​លើ​ក្រុមជើង​ឯក​ស្ទួន ព្រះខ័នរាជស្វាយរៀង កាលពី​ថ្ងៃអាទិត្យ គឺ​ស្រប​ពេល​ដែលក្រុមនារី​ណាហ្គាវើលដ៍កំពង់ស្ពឺ បាន​លត់ក្រុមម្ចាស់​ផ្ទះ​មន្ទីរអយក​ខេត្តកំពង់ឆ្នាំង រហូត​ដល់ ១៨-០ ដើម្បី​បន្ត​ឈរ​នៅលេខ​២។

សម្រាប់ការ​ប្រកួតបើក​ឆាក នៅជើង​ទី​២​នេះ ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ព្រោះពួកគេ ចង់​យក​ឈ្នះក្រុម​ភ្នំពេញ​ក្រោន នៅលើទឹក​ដី​របស់ខ្លួន​ឯង វិញ​ម្តង ដើម្បី​លុប​លាង​ភាព​ឈឺចាប់ សម្រាប់​ការ​ចាញ់​ក្រុម​នារី​ភ្នំពេញ​ក្រោន ២-១ នៅក្រៅ​ទឹកដី សម្រាប់​ការ​ជួបគ្នា កាលពី​ជើង​ទី​១។

តែ​ទោះបីជា​យ៉ាង​ណា ក្រុមនារីព្រះខ័នរាជស្វាយរៀង បានមិន​អាច​រកបាន​សូម្បី​១​គ្រាប់ ផ្ទុយ​ទៅវិញ ការ​រកបាន​ម្នាក់​១​គ្រាប់របស់​ខ្សែ​ប្រយុទ្ធ ពឿន គន្ធា នៅ​នាទីទី​៦២ និង អ៊ិន ស្រីនិច នៅ​នាទីទី​៧៣ បាន​ធានា​ឱ្យក្រុម​នារី​ភ្នំពេញ​ក្រោន បន្ត​ដណ្តើម​បាន​៣ពិន្ទុ និងបន្ត​ឈរ​នៅ​កំពូល​តារាង ក្នុង​នាមជា​ក្រុម​តែមួយគត់ ដែលមិនទាន់​ស្គាល់​ការ​ចាញ់​សោះ ព្រោះ​៨​ប្រកួតនេះ ភ្នំពេញ​ក្រោន បានឈ្នះទាំង​អស់ និង​មាន​២៤ពិន្ទុ គឺ​បង្ហាញ​ថា ភ្នំពេញ​ក្រោន បាន​បោះជំហាន​ទៅមុខ​យ៉ាង​រលូន ក្នុងការ​ឈ្នះ​ទៅរកការ​ឈ្នះ​ជើង​ឯក ក្នុងការ​ប្រកួតនេះ បន្ទាប់ពី​ខក​ចិត្ត និងបាន​ត្រឹម​លេខ​៣ កាលពីឆ្នាំ​២០២០។

យ៉ាង​ណាមិញ ក្រុម​ម្ចាស់ជើង​ឯក ណាហ្គាវើលដ៍កំពង់ស្ពឺ បាន​រក​ឃើញ​លទ្ធផល​ដ៏ល្អ​បំផុត ដែលពួកគេ មិន​ធ្លាប់​ធ្វើបាននោះទេ គឺ​ការ​យក​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះមន្ទីរអយក​ខេត្ត​កំពង់ឆ្នាំង ១៨-០។ បើទោះបីជា​លទ្ធផលនេះ វានៅ​ទាបជាង​កំណត់ត្រា​របស់ ភ្នំពេញ​ក្រោន ដែលបាន​យក​ឈ្នះក្រុម​ខេត្តកំពង់ឆ្នាំង ដល់ ១៩-០ ប៉ុន្តែការ​ដណ្តើម​បានជ័យជម្នះ​ដ៏​ធំនេះ បានជួយ​ឱ្យ ណាហ្គាវើលដ៍ នៅតែ​មាន​រំពឹង ក្នុងការ​តាមប្រជែង​យក​ពាន​ជាមួយ ភ្នំពេញក្រោន ទោះពេល​នេះ ពួកគេ មានត្រឹម​​១៨ពិន្ទុ ក៏​ដោយ។

ចំណែក​ក្រុមសៀម​រាប បានយក​ឈ្នះក្រុមមន្ទីរអយក​ខេត្ត​បាត់ដំបង ៥-១ ដើម្បី​បន្ត​ឈរ​នៅលេខ​៣ ដោយ​មាន​១៨ពិន្ទុ​ស្មើជាមួយ​ក្រុមណាហ្គាវើលដ៍ ដដែល ប៉ុន្តែ​ក្រុម​មាន​ទម្រង់ឡើង​ចុះ មិនទៀត​ទាន់ បឹងកេត បានទៅស្មើ​ក្រុមមន្ទីរ​អយក​ខេត្តកណ្តាល ១-១ ដែលពួកគេ ធ្លាប់​លត់ ១០-០ កាលពី​ជើង​ទី​១៕