ខ្សែ​ប្រយុទ្ធ​ជា​​ប្រធាន បាន ជាវៃ របស់​ក្រុម​ភ្នំពេញ​ក្រោន អាច​រក​បាន​រហូត​ដល់​៨​គ្រាប់​តែ​ម្នាក់​ឯង ក្នុង​ការ​ប្រកួត​បាល់​ទាត់​ជម្រើស​ជើង​ឯក​បាល់​ទាត់​នារី ឆ្នាំ​២០២១ កាលពី​ថ្ងៃអាទិត្យ  ប៉ុន្តែ​កីឡាការិនី​ចំនួន​២​នាក់របស់​ក្រុម​ណាហ្គាវើលដ៍កំពង់ស្ពឺ និង​ក្រុម​មន្ទីរអយក​ខេត្ត​បាត់ដំបង សុទ្ធតែ​​ត្រូវ​បាន​បញ្ជូន​ទៅកាន់មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​អ្នកទាំង​២ បាន​ជួប​នៅ​ហេតុការណ៍​ប៉ះ​ទង្គិច​​​គ្នា បណ្តាល​ឱ្យ​មាន​របួស និងបាត់បង់ស្មារតីនោះ។

សម្រាប់ការ​ប្រកួត នៅលើ​ទី​លាន​ផ្សេងៗ​គ្នា កាលពី​ម្សិលមិញ​នេះ ប្រធាន​ក្រុមពាក់​លេខ​១១ បាន ជាវៃ បាន​ក្លាយ​ជា​អ្នក​រកបាន​គ្រាប់​បាល់​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល ខណៈ​រូប​នាង អាច​រកបាន​រហូត​ដល់​៨​គ្រាប់​តែ​ម្នាក់​ឯង ពេល​ក្រុម​នារី​ភ្នំពេញ​ក្រោន បាន​លត់​ក្រុម​មន្ទីរអយក​ខេត្តកណ្តាល ១៧-០។

ជាមួយការ​រក​បាន​៨​គ្រាប់ បន្ថែម​ទៅ​លើ​គ្រាប់បាល់​រក​បាន​កន្លែង​មក​ចំនួន​៥​គ្រាប់​ទៀត​នោះ វា​​​ធ្វើ​ឱ្យ​ បាន ជាវៃ មាន​​ភាគ​រយកាន់​តែ​ខ្ពស់ ក្នុង​ការ​ប្រជែងយកស្បែកជើង​មាស ក្នុង​រដូវ​កាល​នេះ ហើយ​ជាមួយ​គ្នា​នេះ ក្រុម​ភ្នំពេញ​ក្រោន ក៏​មាន​ភាគ​រយ​ច្រើន ក្នុង​ការ​ឈាន​ទៅរកការ​ឈ្នះ​ពាន ជា​លើក​ដំបូង​ដូចគ្នា ​ព្រោះ​នេះជា​ការ​ឈ្នះ​ជាប់ៗ​គ្នា​លើក​ទី​៦​របស់ពួកគេ ដើម្បី​បន្ត​ឈរ​នៅ​លើកំពូល​តារាង ដោយមាន​១៨ពិន្ទុពេញ។

ដោយឡែក​ក្រុម​ម្ចាស់​ជើង​ស្ទួន កាលពី​រដូវ​កាលឆ្នាំ​២០២០ ណាហ្គាវើលដ៍​កំពង់ស្ពឺ និង​ក្រុម​ព្រះខ័នរាជស្វាយរៀង សុទ្ធតែ​ទទួល​បាន​៣ពិន្ទុន្ថែម ដោយ​ក្នុង​នោះ​ក្រុមនារីណាហ្គាវើលដ៍ បាន​​យក​ឈ្នះ​ក្រុម​នារី​សៀមរាប ៦-០ ដើម្បី​បន្តឈរ​នៅលេខ​២ មាន​១៥ពិន្ទុ ចំណែក ស្វាយរៀង បាន​លត់​ក្រុម​មន្ទីរ​អយក​ខេត្តបាត់ដំបង ១១-០ ដើម្បី​បន្ត​ឈរ​នៅលេខ​៤ មាន​៩ពិន្ទុ។ ចំណែក​ក្រុមនារី​បឹងកេត បាន​យក​ឈ្នះ​ក្រុមមន្ទីរអយក​ខេត្ត​កំពង់ឆ្នាំង ២-១ ទាំង​លំបាក។

យ៉ាង​ណា​ក៏​ដោយ​ជាមួយ​ជ័យជម្នះនេះ កីឡាការិនីពាក់លេខ​៧ ថុង ពិសី ​របស់​ណាហ្គាវើលដ៍ បាន​ប៉ះទង្គិច​គ្នា​ហើយ​មាន​របួស​នៅ​ថ្ងាស​ហូរឈាម ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តភ្លាមៗ។ ជាមួយ​របួស​នេះ ថុង ពិសី ត្រូវបាន​ដេរអស់៤ថ្នេរ ប៉ុន្តែ​ខាង​មន្ទីរ​ពេទ្យ បាន​បញ្ជាក់​ថា នាង​មិន​មាន​អាការធ្ងន់​ធ្ងរ​ទេ ហើយ​គ្រូពេទ្យ ​បាន​សម្រេច​ឱ្យ ថុង ពិសី ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពេល​អស់​សារ៉ូម។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ អ្នក​ចាំទី​ពាក់លេខ​១​ របស់​ក្រុម​មន្ទីរអយក​ខេត្ត​បាត់ដំបង បាន​បាត់​ស្មារតី​មួយ​ភ្លែត បន្ទាប់ពី​បាន​ប៉ះ​គ្នា​ជាមួយ​កីឡាការិនី​​របស់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ចុងតង់ទី២ តែ​ពេល​បានបញ្ជូនទៅមន្ទីពេទ្យ កីឡាការិនីរូប​នេះ បាន​ធូរ​ស្បើយ​ធម្មតា និង​បានចេញពីពេទ្យត្រឡប់ទៅកន្លែងស្នាក់នៅវិញហើយ៕