បរទេស៖ ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លិប Arsenal ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យចាក​ចេញពីក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហ្គា​បុង ដែល​កំពុង​បំពេញ​កាតព្វ​កិច្ច​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations ក្នុង​ប្រទេស​កាមេរូន និង​វិល​ទៅកាន់​ក្លិប​របស់​គេ​វិញ ដើម្បី​បន្ត​សម្រាក​ព្យាបាល​ពី​វីរុស​កូវីដ ១៩​។ នេះ​បើយោង​ទៅ​តាមការ​បញ្ជាក់​របស់គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​របស់​គេ​កាលពីថ្ងៃចន្ទ​។

ខ្សែ​បម្រើ Mario Lemina របស់ក្លិប​បារាំង Nice ក៏​ត្រូវ​បាន​បញ្ជូន​ឲ្យ​វិល​ត្រឡប់​ទៅ​​ក្លិប​របស់​គេវិញ​ផង​ដែរ ខណៈ​ដែល​កីឡាករ​ទាំង​២ មិន​បាន​ចូលលេងសោះ​​ក្នុង​ចំណោម​ការ​ប្រកួត​ទាំង​២លើក​របស់​ហ្គាបុង ក្នុង​ព្រឹត្តិ​ការណ៍ Cup of Nations មក​ទល់ពេលនេះ នៅពេល​ប៉ះ​ក្រុម​ជម្រើស​ជាតិ​កូម៉ូ​រូស និង​​ហ្គាណា​។

លោក Patrice Neveu គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិហ្គា​បុង បាន​ប្រាប់​​អ្នក​យក​ព័ត៌មាន​ក្នុង​ទីក្រុង Yaounde ថា៖ «ដោយ​សារ​តែ​បញ្ហា​សុខភាព​ដែល Pierre-Emerick និង Mario មាន រួម​មានការ​យល់​ព្រម​ពីគ្រូពេទ្យ ប្រធាន​សហ​ព័ន្ធ និង​កីឡាករ យើង​បាន​ធ្វើការ​សម្រេច​ចិត្ត​ដ៏ឆ្លាត​វៃ​នេះ ដើម្បី​បញ្ជូន​ពួក​គេ​ឲ្យ​វិល​ត្រឡប់​ទៅ​ក្លិប​របស់ពួកគេ​វិញ ដើម្បី​ឲ្យ​ពួក​គេ​អាច​ទទួល​បាន​ការ​មើល​ថែ​កាន់​តែល្អ​ប្រសើរ​»៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia