បរទេស៖ ក្រុម Barcelona និង​ខ្សែ​ប្រយុទ្ធ​ឡើង​ទម្រង់​លេង Pierre-Emerick Aubameyang និង​ Sevilla ដែល​ជាក្រុម​ជើង​ខ្លាំង​ក្នុង Europa League នឹង​ក្លាយ​ជា​បេក្ខ​ភាព​ឈាន​មុខ​គេ​របស់អេ​ស្ប៉ាញ ក្នុងក្រប​ខ័ណ្ឌ Europa League វគ្គ​១៦​ក្រុម​ចុងក្រោយ នៅ​រាត្រីនេះ​។

Sevilla នឹង​ធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​អង់គ្លេស West Ham ក្នុង​ការ​ប្រកួត​ជើង​ទី​១​ ស្រប​ពេល​ដែលក្រុម Barcelona នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​តួក​គី Galatasaray នាកីឡដ្ឋាន Camp Nou ខណៈ​នេះ​គឺ​ជា​ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ក្នុង​ជុំ​នេះ​។ ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​ទ្វីប​អឺ​រ៉ុប​៥សម័យ​កាល Barcelona នៅ​តែ​​ត្រូវ​សម្រប​ខ្លួន​ជាមួយនឹង​បរិស្ថាននានា ក្នុងយុទ្ធនា​ការ​លំ​ដាប់​ទី​២​របស់​អឺ​រ៉ុប​មួយនេះ ក្រោយពី​បាន​ធ្លាក់​ចេញពីក្រប​ខ័ណ្ឌ Champions League ក្នុង​វគ្គ​ចែកពូល ជាលើក​ដំបូង​ក្នុង​រយៈពេល​១៨​ឆ្នាំ​។

ពួកគេ​​នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម Galatasaray ក្រោយពី​បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ​ជា​បន្ត​បន្ទាប់​នៅ​រដូវកាលនេះ ក្រោយ​ពីបានកត់ត្រា​ជ័យ​ជម្នះ​៤លើក​ជាប់​ៗ​គ្នា ក្នុងនោះ​រាប់បញ្ចូល​ទាំង​ការយក​ឈ្នះ​លើក្រុម Napoli ក្នុងលទ្ធផល ៤-២ កាលពី​ជុំ​មុន​ផង​ដែរ​។ ពួកគេ​កំពុង​តែ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ៣ លើ​តារាង La Liga និង​មិន​ធ្លាប់​ចាញ់​សោះ បើ​គិ​ត​ចាប់​តាំងពី​ខែ​ធ្នូ ក្រោយពី​បាន​ទិញ​ចូល​កីឡាករ​ថ្មី​មួយ​ចំនួន​កាលពី​ខែ​មករា ដូច​ជា Aubameyang រួម​ទាំង Ferran Torees និង Adama Traore​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia