ខ្សែ​ប្រយុទ្ធចំណូល​ថ្មីមកពី​ស៊ូដង់ខាងត្បូងកម្ពស់ ២,០១ម៉ែត្រ Athiu Kenjok Wal ជា​អ្នករក​បាន​គ្រាប់បាល់ជ័យជម្នះ​ ទៅ​ឱ្យក្រុម​វិសាខា ដើម្បី​យក​ឈ្នះ​ក្រុម​បឹងកេត ៣-២ នៅ​ក្នុង​ការ​ប្រកួត​បាល់​​ទាត់​ពាន​​រង្វាន់ Prince Beer Pre-Season Cup 2022 កាលពីថ្ងៃពុធ ម្សិលមិញ គឺ​បន្ទាប់ពី​ខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា មាន​របួស​ជង្គង់ និង​ត្រូវបាន​សែង​ចេញ​ពី​ទី​លាន តាំង​ពី​តង់ទី​១។

សម្រាប់ការ​ប្រកួតកាត់សេចក្តី​ចុងក្រោយប្រចាំពូល​B កាលពី​ម្សិលមិញ​នេះ បឹងកេត ត្រូវ​ការ​ឈ្នះ​ខ្លាំង​បំផុត ហើយ​ត្រូវឈ្នះ​ជាមួយ​គ្រាប់បាល់​លើស​ពី​២​គ្រាប់ទៅ​ទៀត ទើប​អាច​​បាន​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ព្រោះ​ពួកគេ បានចាញ់​ក្រុមខេត្ត​ព្រៃវែង ៣-១ ផ្ទុយ​ពី វិសាខា ដែលបាន​ឈ្នះ​ក្រុមខេត្ត​ព្រៃវែង ៣-១។​

ជាមួយការ​ប្រជែងនេះ ក្រុមទាំង​២ បាន​ប្រឹង​ប្រែង​បង្កើត​ឱកាស​រករៀង​ខ្លួន តាម​រយៈការ​វាយ​បក​គ្នា​ទៅវិញទៅមក​គួរ​ឱ្យ​ជក់ចិត្ត ប៉ុន្តែ​មិនមាន​គ្រាប់បាល់​ណាមួយ នៅ​ក្នុងតង់ទី​១ បាន​កើត​ឡើង​នោះទេ ប៉ុន្តែ​សម្រាប់បឹងកេត បានជួប​នៅរឿង​ដ៏​គួរ​ឱ្យសោកស្តាយមួយ នៅពេល​ខ្សែ​ប្រយុទ្ធឆ្នើម​របស់ខ្លួន បាន​ភ្លាត់​ជើង​ដួល បណ្តាល​ឱ្យមានបញ្ហា​របួសជង្គង់ ហើយត្រូវបាន​សែង​ចេញ មិនអាច​បន្តការ​ប្រកួត​ទៀតបាន នៅក្នុងនាទីទី​៣០​នោះ។

យ៉ាង​ណា​ក៏​ដោយ បឹងកេត នៅតែ​អាច​រក​បានគ្រាប់​បាល់​នាំមុខ វិសាខា នៅនាទីទី​៥១ ជាមួយ​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ Abee  ប៉ុន្តែ​១០នាទីក្រោយ​មក កែវ សុខផេង បាន​ស៊ុតតាមស្មើ​ឱ្យ វិសាខា វិញ។ ទោះ​យ៉ាង​ណា អតីត​ខ្សែ​ប្រយុទ្ធ​វិសាខា Ajayi បាន​ជួយ​ឱ្យ បឹងកេត នាំមុខ ២-១ ជាថ្មី​ម្តង​ទៀត នៅនាទីទី​៩០ តែ ទិត្យ ឌីណា បានស៊ុត​បាល់​បញ្ចូលទី​ពីចម្ងាយ ជួយ​ឱ្យ វិសាខា តាមស្មើ ២-២ វិញ នៅ​ក្នុងនាទីទី ៩០+៣។

ជាមួយ​លទ្ធផលស្មើ​គ្នា​ជា​លើក​ទី​២​នេះ ​ខ្សែ​ប្រយុទ្ធ Athiu Kenjok Wal បាន​ទទួល​ការ​បាល់​បោះ​កាត់​ចូល​ក្នុងតំបន់​គ្រោះ​ថ្នាក់​យ៉ាងស្អាត​​របស់ កែវ សុខផេង ហើយ​រូបគេ បានអូស​បាល់​នោះ​យ៉ាង​លឿន​ឆ្លង​ផុត ការ​តាម​បិទ​របស់ខ្សែ​ការពារ បឹងកេត រួច​ស៊ុត​បញ្ចូល​ទី​យ៉ាង​ល្អ នៅ​​ក្នុង​នាទីទី ៩០+៥ ដើម្បី​ជួយ​ឱ្យ វិសាខា យក​ឈ្នះ​បឹងកេត ៣-២។

តាម​រយៈ​ជ័យជម្នះនេះ វិសាខា បាន​ទទួល​លេខ​១​ប្រចាំពូល​Bនេះ ដោយ​ឈ្នះទាំង​២​លើក ហើយពួកគេ នឹងត្រូវ​ឡើង​ទៅជួប​ក្រុម​លេខ​២ពូល​A កង​យោធ​ពល​ខេមរភូមិន្ទ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​ត្រូវ​ធ្វើ​នៅថ្ងៃទី​៣១ ខែមករា​នេះ ​ចំណែក​ក្រុម​ខេត្តព្រៃវែង ត្រូវ​ឡើងទៅជួបក្រុមលេខ​១​ពូល​A ភ្នំពេញ​ក្រោន ប៉ុន្តែ បឹងកេត បាន​ធ្លាក់ចេញពីការ​ប្រកួតនេះ ដូច​ក្រុមគិរីវង់សុខសែនជ័យ​ដែរ។

ងាយកមកចាប់អារម្មណ៍​ពីរបួស​របស់​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា វិញ នៅមិនទាន់​ដឹង​ច្បាស់ថា នឹង​វិវឌ្ឍ​ទៅជា​បែបណា​នោះ​ទេ ហើយជាមួយគ្នា​នេះ វឌ្ឍនាកា បានសរសេរ​បង្ហោះ​នៅលើ​ផេចហ្វេសប៊ុក​របស់ខ្លួន​ថា៖​«កីឡាករ គឺតែងតែ​ប្រឈម​នឹងបញ្ហារបួស  អរគុណ​គ្រប់​គ្នា​ដែល​បារម្ភ​ពី​ស្ថាន​ភាព​របួស​របស់​ខ្ញុំ។ ខ្ញុំ​ក៏សង្ឃឹម​ដូច​គ្នា​ថា នឹង​មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​ទៅ​ចុះ អ្វីៗ​គឺ​រង់​ចាំ​លទ្ធផល នឹង​ការពិភាក្សា​ជាមួយ​ក្រុម​គ្រូពេទ្យ​បន្ត​ទៀត»៕