ខ្សែ​ប្រយុទ្ធ​​ដ៏​ឆ្នើម ចាន់ វឌ្ឍនាកា បាន​ទទួល​ជោគ​ជ័យ១០០​ភាគ​រយ ទៅ​លើការ​វះ​កាត់របួសសសៃពួរ​ជង្គង់​ខាង​ស្តាំ ដែលបាន​កើតមាន​ឡើង នៅ​ក្នុង​ការ​ប្រកួត​បាល់​​ទាត់​ពាន​​រង្វាន់ Prince Beer Pre-Season Cup 2022 កាលពីថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ ប៉ុន្តែ​​ឱកាស​អាច​​បង្ហាញ​​ខ្លួន​នៅលើទី​លាន​សារឡើង​វិញ របស់ ចាន់ វឌ្ឍនាកា នៅ​រដូវ​កាល ឆ្នាំ​២០២២​នេះ កំពុង​ស្ថិត​នៅ​លើ​ភាព​មិនច្បាស់លាស់។

«អ​រគុណ​គ្រប់គ្នា សម្រាប់​ការ​ជូនពរ ពេលនេះ​ការ​វះ​កាត់​សសៃ​ពួរជើង​ខាង​ស្ដាំ (ACL) របស់ខ្ញុំ ត្រូវ​បាន​បញ្ចប់ និង​ជោគជ័យ 100% អរគុណថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ នឹង អរ​គុណ​អ្នក​គាំទ្រ​ទាំង​អស់គ្នា» នេះជាសារស័ព្ទ​របស់ ចាន់ វឌ្ឍនាកា បានសរសេរ​បង្ហោះ​នៅលើ​ផេចហ្វេសប៊ុក​របស់​គេ ក្រោយការ​វះកាត់​រួច​រាល់ កាល​ពី​ថ្ងៃសៅរ៍ ទី​៥ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ។

ជាមួយគ្នា​នេះ ក្លិប​បឹង​កេត បាន​ប្រកាស កាលពី​ថ្ងៃសៅរ៍នោះ​ដែរ​​ថា៖​ «កីឡាករ ចាន់ វឌ្ឍនាកា ទទួល​បាន​ការ​វះ​កាត់​ប្រកប​ដោយ​ជោគជ័យ នារសៀលនេះ។ ជូនពរឱ្យ​ឆាប់​ជា​សះ​ស្បើយ នឹង​ត្រឡប់​ចូល​មក​កាន់​ទីលាន​វិញ»។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ឱកាស​បាន​វិល​ត្រឡប់​មក​ប្រកួតជា​ថ្មី​របស់ ចាន់ វឌ្ឍនាកា ក្នុងរដូវ​កាល​ថ្មី ឆ្នាំ​២០២២​នេះ បាន​ស្ថិត​នៅក្នុង​ភាព​មិនច្បាស់​លាស់ ខណៈ​អ្នកទស្សនា​ភាគ​ច្រើន បាន​​មើល​ឃើញ​ថា ខ្សែ​ប្រយុទ្ធ​របស់បឹងកេត រូប​នេះ មានភាគ​រយ​តិច​ណាស់ ឬ​មិន​អាច​​មាន​តែ​​ម្តង សម្រាប់ការ​បាន​បង្ហាញ​ខ្លួន នៅក្នុង​ការ​ប្រកួត​ប្រជែង នៅ​ឆ្នាំ​នេះ។

នៅមុនការ​វះកាត់ ចាន់ វឌ្ឍនាកា ខ្លួនឯង​ផ្ទាល់ បាន​អះអាង​ប្រាកដ​ដោយ​ភាព​ជឿជាក់​ថា យ៉ាង​យូរ​៦​ខែ បន្ទាប់ពីការ​វះកាត់​ហើយ រូបគេ​នឹង​វិល​មកជួប​អ្នកគាំ​ទ្រ​ជា​ថ្មី​ម្តង​ទៀត គឺ​មាន​ន័យ​ថា នៅ​ក្នុងកំឡុង ​ខែកក្កដា ឆ្នាំ​២០២២នេះ។ តែ​ទោះ​បីជា​យ៉ាង​ណា គេ​ជឿ​ថា ការ​វិល​មក​នេះ គឺ វឌ្ឍនាកា បានត្រឹម​ហាត់សម្រួល​សសៃ និង​ចលនា​ ឡើង​វិញ​បន្តិច​បន្តួច​ប៉ុណ្ណោះ។

ម្ចាស់អាវ​លេង​១១ ចាន់ វឌ្ឍនាកា អាច​នឹង​ចំណាយ​ពេល​ច្រើន​ខែ​ទៀត ក្នុងការ​ធ្វើ​ឱ្យ​រាង​កាយ​របស់គេ វិល​ទៅរក​ភាព​ប្រសើរ​វិញ និង​អាច​ធ្វើ​ការ​​ហ្វឹកហាត់​បានពេញ​លេញដូច​ធម្មតា អ៊ីចឹង​ទម្រាំ​អ្វីៗ​បាន​ប្រសើរ​១០០ភាគ​រយ​វិញ គឺឱកាស​បង្ហាញ​ខ្លួន សម្រាប់ការ​ប្រកួត​ផ្លូវ​ការ ក្នុង​រដូវ​កាល ឆ្នាំ​២០២២​នេះ របស់ វឌ្ឍនាកា អាច​នឹង​មិន​មាន។ តែ​បើ​មាន គឺ​អាច​ នៅ​ចុង​រដូវកាល នឹង​អាច​ចូល​រួម ក្នុង​នាមជាកីឡាករ​បម្រុង​តែប៉ុណ្ណោះ៕