ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់ក្រុមបឹងកេត ចាន់ វឌ្ឍនាកា ដែលទើប​ក្រសោបបាន​ភាព​ល្បីល្បាញ​ជា​ថ្មី ដើម្បីបានចូល​លេង​ឱ្យ​ក្រុមជម្រើសជាតិកម្ពុជា ឡើង​វិញ​នោះ នឹងត្រូវបាត់មុខ​ពីលើ​ទីលានប្រកួតយ៉ាងតិច​៦ខែ ខណៈ​រូបគេ ត្រូវ​ធ្វើ​ការវះកាត់ជង្គង់ស្តាំ ដែល​ទើប​មាន​របួស នៅក្នុងការ​ប្រកួត​ពានបើក​រដូវកាល ឆ្នាំ​២០២២ កាលពី​ថ្ងៃពុធម្សិល​មិញ។

ម្ចាស់អាវ​លេខ​១១ ចាន់ វឌ្ឍនាកា ​ត្រូវបាន​សែង​ចេញពីទីលាន នៅនាទីទី​៣០ បន្ទាប់ពី​រូបគេ​បានដួល​តែ​ម្នាក់ឯង ក្រោយ​រត់ទៅ​ប៉ះ អ៊ិន សូដាវីត និងបានបង្ហាញការ​ឈឺ​ចាប់​ខ្លាំង នៅត្រង់ជង្គង់​ស្តាំ នៅពេល​ក្រុមបឹងកេត បាន​ចាញ់ក្រុមវិសាខា ៣-២ ហើយបាន​ធ្លាក់ចេញពី​ការ​ប្រកួត​បាល់​​ទាត់​ពាន​​រង្វាន់ Prince Beer Pre-Season Cup 2022 កាលពីថ្ងៃពុធ។

ជាមួយបញ្ហា​របួសនេះ ក្លិប​បឹងកេត នៅល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​​២៧ ខែមករា នេះ បាន​ប្រកាស នៅលើ​ផេចហ្វេសប៊ុក​របស់ខ្លួន​ថា ចាន់ វឌ្ឍនាកា ត្រូវ​ធ្វើ​ការ​វះ​កាត់​ជង្គង់​ក្រោយ​រង​របួស​ក្នុង​ការ​ប្រកួត​ម្សិលមិញ។

«បន្ទាប់​ពីធ្វើការ​តាម​ដាន​ពិនិត្យ​យ៉ាង​ម៉ត់ចត់ និង​យក​ចិត្ត​ទុក​ដាក់​ពី​គ្រូពេទ្យ​ឯកទេស ជា​លទ្ធផល ស្ថាន​ភាព​របួស​បាន​ឱ្យ​ឃើញ​ថា វឌ្ឍនាកា បាន​ដាច់​សរសៃរ​ជង្គង់​ខាង​ស្ដាំ ACL (Anterior Cruciate Ligament)។ ខណ:​ពេល​នេះ​ ក្លិប​កំពុង​រៀបចំ ដើម្បី​ឱ្យ​គាត់​បាន​ធ្វើ​ការ​វះ​កាត់ ជូន​ពរ​ឱ្យ​ការ​វះកាត់​ទទួល​បាន​ជោគជ័យ និង​ជាសះ​ស្បើយ​បាន​ឆាប់​រហ័ស»។ ក្លិប​បឹងកេត បាន​ប្រកាស។

ជាមួយការជួបហេតុការណ៍​ដ៏​អាក្រក់ ដែល​ឈាន​ទៅ​ដល់ការ​វះកាត់នេះ ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា បានប្រាប់ទៅ​កាន់អ្នកគាំ​ទ្រ​ថា សូមកុំឱ្យមានការ​តក់ស្លុត និង​ភ័យ​ខ្លាច​ទៅ​លើ​​ការវះកាត់របស់គេ​នេះ ដោយគេ​បានបង្ហើបថា យ៉ាងយូរ​៦ខែ​ទៀត រូបគេ នឹងអាច​វិល​មក​កាន់ទីលានវិញ បើសិនជា​ការ​វះកាត់លើកនេះ ទទួលបានជោគ​ជ័យ។

«កុំ​មាន​ការ​តក់​ស្លុត​កុំ​មាន​ការ​ភ័យ​ខ្លាច ខ្ញុំ​គ្រាន់​តែ​សម្រាក​មួយ​ពេល​ប៉ុណ្ណោះ វា​គ្រាន់​តែ​ជា​ការ​វះ​កាត់​តូច​មួយ​ប៉ុណ្ណោះ សម្រាប់​ខ្ញុំ! ខ្ញុំ​មិន​ខ្លាច ខ្ញុំ​ធ្លាប់​នៅ​ក្រៅ​ទីលាន​ដោយ​មិន​បាន​ប្រកួត​៦​ខែ ​ទៅ​៧​ខែ ​តែ​ខ្ញុំ​អាច​ត្រឡប់​មក​វិញ​បាន ចុះ​គ្រាន់​តែ​របួស​ប៉ុននេះ​ ចង់​មក​រារាំង​ផ្លូវ​ជីវិត​របស់ខ្ញុំ​ មិន​អាច​ទៅ​រួច​ទេ អរ​គុណ​អ្នក​គ្រប់​គ្នា​ផ្ដល់​កម្លាំង​ចិត្ត​នឹង​លើក​ទឹក​ចិត្ត​ខ្ញុំ ជួប​គ្នា​៦​ខែ​ទៀត​ក្រោយ​ការ​វះ​កាត់​ជោគជ័យ»។

ចាន់ វឌ្ឍនាកា បាន​សរសេរ​បែបនេះ នៅលើផេចហ្វេសប៊ុក​របស់ខ្លួន ក្រោយ​ដឹង​ដំណឹង​ថា រូបគេ ត្រូវ​ធ្វើការ​វះកាត់ជង្គង់។ ជាមួយដំណឹង​ដ៏​អាក្រក់នេះ គ្រប់​គ្នានៅ​ក្នុង​វិស័យ​បាល់​ទាត់ រួមទាំងអ្នកគាំទ្រ បាននាំគ្នា​ ​បួងសួង​ឱ្យ​ខ្សែ​ប្រយុទ្ធឆ្នើមរូបនេះ ទទួលបានជោគ​ជ័យ​ក្នុង​ការវះកាត់ និង​ឆាប់​បាន​ជា​សះ​ស្បើយ ដើម្បីអាច​វិល​មក​កាន់​ទីលាន​ប្រកួត​​វិញ៕