កីឡាករ​ជើង​ថ្មី​កំពុង​សា​ងបាន​ភាព​ល្បីល្បាញ សូត្រ វាសនា បានអះអាង​ថា រូបគេ​នឹង​ប្រឹង​ប្រែង​ប្រកួត​ឱ្យ​អស់ពី​លទ្ធភាព ដើម្បីបំបែកកំណត់ត្រា​យកឈ្នះ​ជើងខ្លាំង វេង សុភ័ក្រ ឱ្យបាន​ម្តង បើទោះបីជា​ពេលនេះ រូបគេ​ និង វេង សុភ័ក្រ សុទ្ធ​តែ​មាន​ពិន្ទុគ្រប់​គ្រាន់ ​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ដោយ​ស្វ័យ​ប្រវត្តិដូចគ្នា​ក៏​ដោយ។

បើទោះបីជា​ការ​ប្រកួត​ជម្រុះ​វិលជុំប្រចាំពូល​A ចំនួន​២​លើក កន្លង​មកនេះ សូត្រ វាសនា បាន​ផ្តួល​ឱ្យ ជ័រ ពៅ សន្លប់​ត្រឹមទឹកទី​១ និងបាន​បន្ត​បុកជង្គង់​ផ្តួល​កីឡាករជើងចាស់ ម៉ន សាម៉េត ឱ្យ​សន្លប់ នៅ​ទឹកទី​៣ ដើម្បី​ឈរ​នៅលេខ​១ ជាបណ្តោះអាសន្ន ប៉ុន្តែ សូត្រ វាសនា បានចាត់ទុក វេង សុភ័ក្រ គឺ​ជាជើងខ្លាំង ដែល​រូបគេ​ធ្លាប់បានចាញ់​ចំនួន​២​លើក​មក​ហើយ។

«ខ្ញុំ​ធ្លាប់ជួប វែង សុភ័ក្រ ​២ដង​ហើយ ហើយ​បានចាញ់គាត់ ទាំង​២​លើក ព្រោះ​គាត់ល្អចាប់ តែ​បើ​ជុំទី​៣​នេះ ខ្ញុំ​អាច​ធ្វើបាន​៣ពិន្ទុបន្ថែម​ទៀត ខ្ញុំមាន​សង្ឃឹម​ច្រើន។ នេះជា​ការ​លើក​ឡើង​របស់ សូត្រ វាសនា ហើយ​រូបគេ​បាន​បន្តថា៖​ «ការ​ប្រកួត យើងមិនអាច​មើល​ឃើញ​ទេ គឺ​បើ​ផ្តាច់​បាន យើងនឹង​​ផ្តាច់ តែ​បើ​ផ្តាច់​មិន​បាន យើងនឹង​វ៉ៃ​មួយៗ​យក​ពិន្ទុ»។

ជាមួយគ្នា​នេះ សូត្រ វាសនា ក៏ហាក់​បារម្ភ​ទៅ​លើការ​សម្រកទម្ងន់​ពី​៦៤គីឡូក្រាម មកប្រកួត​ក្នុងទម្ងន់​៦០​គីឡូក្រាម នៅក្នុង​ការ​ប្រកួតជម្រុះ​ដណ្តើមពានមាស នៅលើ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ ផងដែរ ប៉ុន្តែ​រូបគេ​បានតាំង​ចិត្ត​ថា នឹងខំប្រឹង​ប្រែង ដើម្បីបំបែកកំណត់​ត្រា​យក​ឈ្នះ វេង សុភ័ក្រ ឱ្យបាន​ម្តង។

កីឡាករ​វ័យក្មេង​រូបនេះ បាន​បញ្ជាក់​ថា៖​ «ខ្ញុំ​មានការ​បារម្ភ​ទៅលើគីឡូ ព្រោះ​គីឡូរបស់​ខ្ញុំ​៦៤​ដែរ ហើយ​ពេលយើង​​ធ្វើគីឡូ (សម្រក) ពេល​ខ្លះ​ទៅ អត់សូវមានកម្លាំង​វ៉ៃ ប៉ុន្តែ​ខ្ញុំ​នឹង​ខំប្រឹង​ប្រកួត​ឱ្យអស់ពីសមត្ថ​ភាព។ ទោះបីជា ខ្ញុំ​មានពិន្ទុ​គ្រប់​គ្រាន់ បាន​ឡើង​ទៅវគ្គ​បន្ត ដោយស្វ័យប្រវត្តិ តែ​សម្រាប់ខ្ញុំ ត្រូវ​ខំប្រឹង​បំបែកកំណត់ត្រាយក​​ឈ្នះ វេង សុភ័ក្រ ឱ្យ​បាន​ម្តង​វិញ»។

យ៉ាង​ណា​ក៏ដោយ ការ​តាំង​ចិត្ត​ស្វែង​រក​ជ័យជម្នះ​របស់ សូត្រ វាសនា ត្រូវបានគេ​មើល​ឃើញ​ថា អាច​មាន​ការ​លំបាក​ខ្លាំង។ បើទោះបីជា វេង សុភ័ក្រ បាន​ឈ្នះ ម៉ន សាម៉េត ត្រឹមពិន្ទុ និង​ផ្តួល ជ័រ ពៅ ក្នុង​ទឹកទឹកទី​៣ គឺ​​ចាញ់​ប្រៀប សូត្រ វាសនា ដែល​ធ្វើបាន​ល្អ​ជាង ប៉ុន្តែ​ វេង សុភ័ក្រ ជា​កីឡាករ​មាន​បទពិសោធ និង​ល្បិច​ប្រកួតខ្ពស់ជាង សូត្រ វាសនា ហើយ​កម្លាំង និង​បច្ចេកទេស​ប្រកួត​របស់ សុភ័ក្រ ក៏មិន​នៅក្រោម វាសនា នោះ​ដែរ ហេតុនេះសម្រាប់អ្នកគាំទ្រ នៅ​តែ​​ផ្តល់​ទំនុកចិត្ត​ច្រើនជាង​ទៅលើ វេង សុភ័ក្រ។

ដោយ​ឡែក​កីឡាករ ម៉ន សាម៉េត និង ជ័រ ពៅ ក៏ត្រូវ​ប្រកួតជម្រុះ​លើក​ចុងក្រោយប្រចាំ​ពូលA នៅ​រសៀល​ថ្ងៃអាទិត្យ​នេះដែរ ប៉ុន្តែ​នេះ​គ្រាន់តែ​ជា​ការ​ប្រកួត​បង្រ្គប់កិច្ចតែ​ប៉ុណ្ណោះ ព្រោះ​អ្នកទាំង​២នេះ បាន​ធ្លាក់ចេញពី​ការ​ប្រកួតនេះ ដោយស្វ័យ​ប្រវត្តិ​រួច​ទៅ​ហើយ៕