កីឡាករ​ជើង​ថ្មី កំពុងល្បីខ្លាំង សូត្រ វាសនា បាន​ធ្វើ​ឱ្យ​គ្រប់គ្នា ស្ទើតែមិនជឿ នៅ​ហេតុការណ៍ ដែល​រូបគេ​បាន​បង្កើត​ឡើង នៅ​ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅលើ​សង្វៀនថោន ខណៈ​ពូជ​អ្នកប្រដាល់​របស់ត្រកូល «សូត្រ» រូបនេះ អាច​ឥផ្តួល​ជើងខ្លាំង វ៉ាន់ វឿន ដោយប្រើពេល​ត្រឹម​២នាទី​នោះ។

វា​ពិតជា​អស្ចារ្យ​ខ្លាំង នៅពេល សូត្រ វាសនា មិនបានបង្ហាញការ​ឈឺសោះ ទៅនឹង​ការទាត់ ម៉ាត់ និងបុក​ជង្គង់​របស់អ្នកលេងកាំ​ភ្លើង​ភ្លោះ វ៉ាន់ វឿន គឺ វាសនា ពិតជា​មានភាព​រឹងមាំ ដែល​ធ្វើ​ឱ្យគ្រប់គ្នា ស្ទើ​តែមិន​ជឿ ហើយបន្ថែម​លើនេះ រូបគេ​បានវ៉ៃ​សង​ទៅលើ វ៉ាន់ វឿន យ៉ាង​រន្ធើន និងមានទម្ងន់ធ្ងន់ៗ។

ទោះបីជា វ៉ាន់ វឿន បាន​បង្ហាញ​ភាព​ហានក្លា ក្នុងការ​ចូលវាយប្តូរ ប៉ុន្តែ​ការទាត់​ឆ្វេង​ខ្លាំងៗ ទៅ​ដល់ជង្គង់ក្រោម​ បាន​ធ្វើ​ឱ្យ វ៉ាន់ វឿន ដួល​ដេក បង្ហាញការ​ឈឺ​យ៉ាងខ្លាំង ទៅលើ​ជើង​​ស្តាំ គឺមិនអាច​ក្រោក បន្តការ​ប្រកួត​ទៀតបានឡើង ហើយអាច​ថា ជា​លើក​ដំបូង ផងដែរ ដែល វ៉ាន់ វឿន ចាញ់ ដោយ​ផុយស្រួច និងលឿនបែបនេះ។​

ជុំវិញការ​ផ្តួល វ៉ាន់ វឿន ដោយប្រើពេល​សរុបត្រឹម​២​នាទី នៅ​ក្នុងទឹកទី​១​នេះ សូត្រ វាសនា បាន​និយាយ ក្រោយការ​ប្រកួត​ថា៖​ «​ខ្ញុំធ្លាប់ចាញ់ វ៉ាន់ វឿន ២​លើក​មក​ហើយ ប៉ុន្តែការ​ប្រកួតនេះ ខ្ញុំមិនមានការ​បារម្ភ​ណាស់ណា​នោះទេ ព្រោះ​ប៉ារបស់​ខ្ញុំ (លោក សួន ប៊ុនសូត្រ) និងបង​ប្រុស​របស់ខ្ញុំ (សូត្រ ប៊ុនធី និង សូត្រ ខេវិន) បាន​លត់​ដំ​ខ្ញុំរហូត សម្រាប់ការ​ហ្វឹកហាត់ ត្រៀមការប្រកួតនេះ។ពួកគាត់ ឱ្យខ្ញុំ​​បុក​ហ្វឹកហាត់ខ្លាំង ទាំង​ទៅ​លើ​ការ​ឡាំ ការ​វ៉ៃ​ និង​រត់យក​កម្លាំង​សុហ្វ»។

​តាម​រយៈការ​ផ្តួល វ៉ាន់ វឿន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ សូត្រ វាសនា នឹងត្រូវ​ឡើងទៅ​ជួបគូសត្រូវចាស់ ឈុត សេរីវ៉ាន់ថង នៅវគ្គ​ផ្តាច់ព្រ័ត្រ ព្រោះកាលពី​ថ្ងៃអាទិត្យម្សិលមិញនោះដែរ វ៉ាន់ថង បាន​យក​ឈ្នះ វេង សុភ័ក្រ ដោយពិន្ទុ យ៉ាង​តាន​តឹងបំផុត៕