អ្នកលេងស្នៀត​ជើង អេលីត សុខហ៊ុច (មឿន សុខហ៊ុច) ត្រូវបាន​ដាក់​ឱ្យ​ដណ្តើម​ប្រាក់លាន នៅលើសង្វៀន​ថោន នា​ថ្ងៃអាទិត្យនេះ ជា​លើក​ដំបូង ដោយ​រូប​គេ ត្រូវជួបជាមួយ​ដៃគូ​ចាស់ ឡុង សំណាង និង សួន ចាន់នី (សូត្រ ប៊ុនធី) ព្រមទាំង​កីឡាករ​ជើង​ថ្មី រិទ្ធ ប៊ុនម៉ៅ។

នៅក្នុងចំណោម​បេក្ខភាព​ទាំង៤​នេះ មឿន សុខហ៊ុច, សូត្រ ប៊ុនធី និង ឡុង សំណាង ធ្លាប់ជួបគ្នាញឹកញ៉ាប់ ដោយបាន​ឈ្នះ​ ចាញ់​គ្នា​ទៅវិញ​ទៅមក ហើយ​អ្នកទាំង​៣​នេះ ត្រូវ​បាន​គេមើលឃើញ​ថា អាច​នឹង​ម្នាក់​មាន​១ ត្រូវ​ឈ្នះ​ប្រាក់លាន​លើកនេះ ចំណែក រិទ្ធ ប៊ុនម៉ៅ មិន​ត្រូវ​បាន​គេផ្តល់​ទំនុកចិត្ត​នោះ​ដែរ។

យ៉ាងណា​ក៏​ដោយ សម្រាប់ សួន ចាន់នី មិន​បានគិត​ថា ឡុង សំណាង និង រិទ្ធ ប៊ុនម៉ៅ ជាឧបសគ្គ​របស់​គេ​នោះ​ទេ គឺ​កីឡាករ​មាន​រហ័ស្សនាម «លោក​មេទ័ព» រូបនេះ បាន​ចាប់អារម្មណ៍​ខ្លាំងតែ​ទៅលើ មឿន សុខហ៊ុច ព្រោះ ចាន់នី មើលឃើញ​ថា ក្បាច់វាយចេញ​របស់ សុខហ៊ុច មាន​ភាព​រញ៉េរញ៉ាយ ពិបាកស្មាន និង​ពិបាកចូលវាយ​លុក។

សួន ចាន់នី ​បាន​និយាយ​ថា៖​ «នៅ​ក្នុងចំណោម​៣នាក់នេះ ខ្ញុំ​ធ្លាប់ប៉ះ ឡុង សំណាង និង មឿន សុខហ៊ុច តែ​មិន​ធ្លាប់ជួប រិទ្ធ ប៊ុនម៉ៅ នោះ​ទេ។ តែ​ទោះបីជា​យ៉ាង​ណា អ្នកដែលត្រូវ​តតាំង​គ្នា​ខ្លាំង មានតែមួយទេ គឺ មឿន សុខហ៊ុច ដែលជំនួប​៣ទៅ​៤​លើក​កន្លងមកនេះ បាន​ឈ្នះ និងចាញ់​គ្នា​ទៅវិញទៅមក»។

កីឡាករ​រូប​នេះ បាន​បន្ថែម​ថា៖«ក្បាច់​របស់​គាត់ វ៉ៃរញ៉េរញ៉ាយ គឺ​ពេល​ខ្លះ​​ការ​ទាត់​របស់​គាត់ប្រូសប្រាស់ៗ ដល់អ៊ីចឹង​ពេល​យើងចូល​ទៅពិបាក​វ៉ៃ​ជាមួយគាត់។ និយាយ​ទៅ គាត់ចេះ​​តែវ៉ៃ​ទៅ ឱ្យតែ​បាន​ចេញ​ច្រើន ដោយ​គាត់​មិន​ដឹងថា ​ត្រូវ ឬមិនត្រូវ​នោះទេ ចេះ​តែវ៉ៃ​ទៅ!»។

សូត្រ ប៊ុនធី ដែល​ធ្លាប់​​បានឈ្នះ​ប្រាក់លាន​នេះម្តង ​បាន​បញ្ជាក់​ថា៖ ​«ម្យ៉ាងទៀត នេះជាការ​ប្រកួត​៣ទឹក ដែល​វាលឿន​ពេក។ ​បើវ៉ៃ​៥ទឹក យើង​អាច​សង្ឃឹម តែ​វ៉ៃ​៣ទឹក ពេល​ខ្លះ​កីឡាករ​វ៉ៃយកៗ អាច​មានការ​ពិបាក​ដែរ ហេតុ​នេះ សម្រាប់ការ​ប្រកួត​ដណ្តើម​ប្រាក់លាន​ ជា​លើក​ទី​៤​នេះ ខ្ញុំ​សង្ឃឹម​ត្រឹម​៦០​ភាគរយ​សិន​បាន​ហើយ រីឯ​៤០​ភាគ​រយ​ទៀត ទុក​ឱ្យ​អ្នកគាំ​ទ្រ​របស់ខ្ញុំ ផ្តល់​កម្លាំង​ចិត្ត​ឱ្យខ្ញុំ»។

ចំណែក មឿន សុខហ៊ុច ក៏បាន​គិត​ថា មានការ​ពិបាក​ផងដែរ សម្រាប់ការ​ចូលរួមការ​ប្រកួត​ដណ្តើមប្រាក់លាន ជា​លើក​ដំបូង​នេះ ប៉ុន្តែ​កីឡាករ​ជំនាញខាងទាត់​រូប​នេះ បាន​ប្តេជ្ញា​ថា នឹង​ខំប្រឹង​ ធ្វើ​យ៉ាង​ណា ដណ្តើម​យក​ប្រាក់រង្វាន់​លេខ​១ ចំនួន ៣,៤ លាន​រៀល នេះ​ឱ្យ​បាន។

មឿន សុខហ៊ុច បាន​និយាយ​ថា៖​ «នេះជា​លើក​ទី​១ ដែល​ខ្ញុំ​បាន​ចូល​ប្រកួត​ដណ្តើមប្រាក់​លាន ហើយ​ខ្ញុំ​បាន​ត្រៀម​ខ្លួន​២សប្តាហ៍​ហើយ។ ទាំង ឡុង សំណាង និង សូត្រ ប៊ុនធី ខ្ញុំ​សុទ្ធ​តែ​ធ្លាប់​​ជួប ហើយ​ខ្ញុំ​គិត​ថា វា​នៅតែ​មាន​ភាពតានតឹង  ព្រោះ​ពួក​យើង ធ្លាប់ឈ្នះ ចាញ់​គ្នា​ទៅ​វិញ​ទៅ​មក»។

«តែ​ទោះបីជា​យ៉ាង​ណា តាម​រយៈ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុងក្រោយ​នេះ ខ្ញុំ​ធ្វើបាន​គ្រាន់បើ​ច្រើន អ៊ីចឹង​ខ្ញុំ​គិត​ថា មិន​អីទេ អាច​វ៉ៃ​បាន ព្រោះ​កម្លាំង​ធម្មតា ហើយ​ខ្ញុំ​ប្តេជ្ញាចិត្តយកប្រាក់​លាន​នេះ​ឱ្យបាន ដោយសង្ឃឹម​៧០​ភាគ​រយ»។ មឿន សុខហ៊ុច បានបញ្ជាក់​បន្ថែម ទៅលើ​ការ​ប្តេជ្ញា​ចិត្ត សម្រាប់ការ​ប្រកួត​លើកនេះ៕