បរទេស៖ ខ្សែប្រយុទ្ធ Mason Greenwood របស់ក្លិប Manchester United ត្រូវបានបន្តឃាត់ខ្លួន ក្នុងករណីសង្ស័យពីបទរំលោភ និងបំពានផ្លូវភេទ រួមទាំងគំរាមសម្លាប់។ កីឡាករវ័យ២០ឆ្នាំរូបនេះ ត្រូវបានឃាត់ខ្លួនក្នុងករណីសង្ស័យពីបទរំលោភ និងបំពានផ្លូវភេទ កាលពីថ្ងៃអាទិត្យ។
ប៉ូលិសក្រុង Manchester បានបញ្ជាក់ថា ខ្លួនត្រូវបានអនុញ្ញាតឲ្យបន្តធ្វើការសាកសួរ Greenwood បន្ថែមទៀត ក្រោយពីទទួលការអនុញ្ញាតឲ្យបន្តធ្វើការឃុំខ្លួនរូបគេ កាលពីថ្ងៃចន្ទ។ ក្លិប Manchester United បានបញ្ជាក់ថា រូបគេនឹងមិនអាចចូលលេងឲ្យក្លិបនេះបានឡើយ រហូតទាល់តែមានការជូនដំណឹងនាពេលក្រោយទៀត។ ប៉ូលិសក្រុង Manchester បាននិយាយថា កីឡាកររូបនេះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ ក្រោយពីកងកម្លាំង បានមើលឃើញពីរូបភាព និងវីដេអូនានា ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ដោយស្ត្រីម្នាក់ ដែលបានរាយការណ៍ពីហេតុការណ៍នានាស្តីពីអំពើហិង្សាលើរាងកាយ។
មន្ត្រីប៉ូលិសដដែល បាននិយាយថា ក្រុមចៅក្រម បានអនុញ្ញាតឲ្យបន្តឃុំខ្លួនរូបគេ នៅមន្ទីរឃុំឃាំង រហូតដល់ថ្ងៃពុធ។ អ្នកនាំពាក្យម្នាក់របស់ប៉ូលិស បាននិយាយថា ការសាកសួរកំពុងតែបន្ត ហើយស្ត្រីម្នាក់ ក៏កំពុងតែទទួលបានការជួយគាំទ្រពីអ្នកជំនាញផងដែរ៕
ប្រភពព័ត៌មាន៖ BBC