ក្តីសង្ឃឹម ក្នុងការ​ប្រជែង​យកពាន​របស់​ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) ត្រូវ​បាន​រលាយ​បាត់ ក្រោម​ការស៊ុត​ត្រឹម​១​គ្រាប់​គត់​របស់​កីឡាករ​វ័យក្មេង សំអុល ទីណា ហើយ​គ្រាប់​បាល់​នេះ បានជួយ​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន ក្លាយ​ជា​ម្ចាស់​ជើងឯក នៅក្នុង​ការ​ប្រកួត​​​ពាន​​រង្វាន់ Prince Beer Pre-Season Cup 2022។

តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន​ព្រីនស៍ កាលពី​ព្រលប់ថ្ងៃ​ពុធ ម្សិល​មិញ​នេះ ពិតជា​មាន​ភាពតានតឹងខ្លាំង ព្រោះ​ទាំង​ក្រុម​ភ្នំពេញ​ក្រោន និងក្រុម​ទ័ព សុទ្ធតែ​បង្កើត​ឱកាស​ ក្នុ​ង​ការ​រក​គ្រាប់ ប៉ុន្តែ​ក្រុមទាំង​២​នេះ មិនអាច​រក​បាន​គ្រាប់​បាល់​ដូចគ្នា សម្រាប់​ការ​ប្រកួត​៤៥​នាទី នៅ​ក្នុង​តង់​ទី​១។

យ៉ាង​ណា​ក៏​ដោយ ការ​លើក​បាល់​ចាក់​ចូលមុខ​ទី​យ៉ាង​ស្អាត​របស់ យ៉ើ ម៉ូស្លីម បាន​ផ្តល់​ឱកាស​ឱ្យ សំអុល ទីណា លោត​តែតបាល់​នោះ ផុត​ដៃ​អ្នក​ចាំទី  អ៊ុំ វិចិត្រ បញ្ចូល​ទី​យ៉ាង​ល្អ ដើម្បី​ជួយ​ឱ្យក្រុម​ភ្នំពេញ​ក្រោន នាំ​មុខ ១-០ នៅនាទីទី​៥៥ ហើយ​ក្រោមក​ទៀត ភ្នំពេញ​ក្រោន ក៏ទទួលបាន​ឱកាស​ពិសេស​មួយ​ទៀត​ផងដែរ នៅពេល​អាជ្ញាកណ្តាល​ផ្តល់​បាល់​ពិន័យ​១១ម៉ែត្រ​ឱ្យ ប៉ុន្តែ​ អ៊ុំ វិចិត្រ បាន​ជួយ​សង្រ្គោះ​គ្រាប់បាល់ ដែល​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ ប្រាក់ ធីវ៉ា បាន​សម្រេច។

តែទោះបីជា​យ៉ាង​ណា ក្រុមទ័ព មិនអាច​រក​បាន​គ្រាប់​បាល់​តាមស្មើ បាន​នោះ​ទេ ដោយ​ពួក​គេ បាន​បន្ត​ចាញ់​ក្រុម​ភ្នំពេញ​ក្រោន ១-០ ដូចការ​ជួបគ្នា កាល​នៅ​វគ្គ​ជម្រុះ​ដែរ។ ​លទ្ធផល​នេះ ជួយ​ឱ្យក្រុម​ភ្នំពេញ​ក្រោន បាន​បន្ត​លើក​ពាន​បើក​រដូវ​កាល​ជាថ្មី​ម្តង​ទៀត ហើយ​ចំថ្ងៃ​ពិសេស​ទៅ​ទៀត គឺ​ថ្ងៃទី​២ ខែ២ ឆ្នាំ​២០២២។

ជាមួយការ​ឈ្នះ​បាន​ពាន​បើក​រដូវ​កាលនេះ ភ្នំពេញ​ក្រោន ទទួល​បាន​ប្រាក់រង្វាន់​ចំនួន​១២​លាន​រៀល  ខណៈ​ក្រុម​ជើងឯក​រង ទ័ព បាន​៨លាន​រៀល ចំណែក​អ្នកចាំទី​ល្អ​ជាង​គេ​ ដែល​ទទួលបាន​ស្រោម​ដៃ​មាស​ប្រចាំ​ព្រឹត្តិការណ៍​នេះ បាន​ទៅ​អ្នក​ចាំទី​របស់​ក្រុម​ភ្នំពេញ​ក្រោន សាវែង សំណាង ហើយ​ពាន​អ្នក​ស៊ុត​បាល់បញ្ចូលទី​បានច្រើនជាង​គេ បានទៅ​លើ​ខ្សែ​ប្រយុទ្ធជប៉ុន​របស់​ក្រុម​ទ័ព   Takumu Nishihara (រក​បាន​៣​គ្រាប់) ដោយ​អ្នកទាំង​២​នេះ ទទួលបាន​ប្រាក់​រង្វាន់​​ចំនួន ១,៥​លាន​រៀល​ដូចគ្នា៕