បរទេស៖ លោក Thomas Tuchel បានសន្យាថា Chelsea នឹងមិនបែកបាក់ដោយសារតែការដាក់ទណ្ឌកម្មនានា លើម្ចាស់ក្លិបក្រុមតោខៀវគឺលោក Roman Abramovich ឡើយ ខណៈដែលការដាក់ទណ្ឌកមម្ម បានធ្វើឲ្យក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបមួយនេះ ធ្លាក់ចូលក្នុងភាពជ្រួលច្របល់ នៅមុនពេលពួកគេបានយកឈ្នះលើក្រុម Norwich ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃព្រហស្បតិ៍។
លោក Abramovich គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលល្បីឈ្មោះចំនួន៧បន្ថែមទៀត ដែលបានរងនូវការដាក់ទណ្ឌកម្មពីចក្រភពអង់គ្លេស ជុំវិញការឈ្លានពានរបស់រុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន។ ទ្រព្យសម្បត្តិនានានៅចក្រភពអង់គ្លេសរបស់មហាសេដ្ឋរុស្ស៊ីរូបនេះ ត្រូវបានបង្កក រួមជាមួយនឹងការរិតត្បិតយ៉ាងតឹងមាំលើក្លិប Chelsea ដែលបច្ចុប្បន្ន មិនត្រូវបានអនុញ្ញាតឲ្យទិញចូលកីឡាករថ្មី បន្តកុងត្រាថ្មី ឬលក់សំបុទ្រសម្រាប់ការប្រកួតឡើយ។ សូម្បីតែហាងប្រចាំក្លិបរបស់ Chelsea ក៏ត្រូវបានបិទផងដែរ ស្របពេលដែលម្ចាស់ឧបត្ថម្ភធំរបស់ពួកគេ គឺក្រុមហ៊ុនទូរស័ព្ទ Three បានឆ្លើយតបទៅនឹងការដាក់ទណ្ឌកម្មនានា តាមរយៈការបញ្ជាក់ថា ខ្លួននឹងព្យួរកិច្ចព្រមព្រៀងក្នុងនាមជាម្ចាស់ឧត្ថម្ភជាបណ្តោះអាសន្ន។ ការដាក់ទណ្ឌកម្មទាំងនេះ បានបង្កើតឲ្យមានការព្រួយបារម្ភលើការបន្តដំណើរការរបស់ក្លិប ហើយអនាគតដ៏យូរអង្វែងរបស់ពួកគេ កំពុងតែស្ថិតក្នុងភាពមិនច្បាស់។
ប៉ុន្តែ លោក Tuchel បានបញ្ជាក់ថា៖ «មកទល់ពេលនេះ យើងអាចទុកចិត្តគ្នា ហើយការទុកចិត្តនេះ នឹងមិនផ្លាស់ប្តូរឡើយ។ នៅពេលដែលយើងមានអាវគ្រប់គ្រាន់ និងរថយន្តដឹកជញ្ជូនទៅកាន់ការប្រកួត យើងនឹងនៅទីនោះ ហើយនិងប្រកួតឲ្យអស់ពីសមត្ថភាព»៕
ប្រភពព័ត៌មាន៖ Channel News Asia