បរទេស៖ កីឡាករ Anthony Martial មិនសប្បាយចិត្ត ជាមួយស្ថានភាពដែលកំពុងប្រកបអាជីបនៅក្លឹប Sevilla នាក្របខណ្ឌលីកកំពូលអេស្បាញ La Liga យោងការចុះផ្សាយរបស់គេហទំព័រMarca។
គួររំលឹកថា កីឡាករអន្តរជាតិបារាំងរូបនេះបានសម្រេចចូលរួមជាមួយក្រុមលោកJulien Lopetegui ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបានបើកដំណើរការកាលពីពាក់កណ្តាលរដូវកាលនេះពោលគឺនៅខែមករាក្នុងកិច្ច ព្រមព្រៀងមួយរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះដើម្បីសម្លឹងឃើញឪកាសវិលត្រលប់មកបង្ហាញខ្លួនអោយបានទៀងទាត់ សម្រាប់ជម្រើស១១នាក់ដំបូងនៅក្របខ័ណ្ឌ Premier Leagueសាជាថ្មីវិញ ។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានបង្ហាញខ្លួនចំនួន ៥ ដងសម្រាប់ក្លឹបនៅ La Liga ខណៈMartial បង្ហាញខ្លួនបាន៣ប្រកួតនៅក្របខ័ណ្ឌ Europa League ដោយស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ ។
ប្រភពបន្តថាៈ Martial នៅមិនទាន់សប្បាយចិត្តនឹងពេលវេលាចូលលេងសម្រាប់ Sevilla នៅពេលនេះទេ ដោយកំពុងព្យាយាមបំពេញប្រព័ន្ធលេង ក្រោយមិនទាន់បានលេងពេញ ៩០ នាទីសម្រាប់ក្លឹបនៅឡើយ។ផ្ទុយទៅវិញអនាគតរបស់អតីតយុវជនថ្នាលក្លឹបMonaco និង Lyon នៅតែមិនទាន់ជួបភាពច្បាស់លាស់ជាមួយ ក្រុមជើងឯកអង់គ្លេស២០សម័យ បន្ទាប់ពីរូបគេក៏មានជម្លោះជាសាធារណៈជាមួយលោក Ralf Rangnick ស្របពេលអ្នកចាត់ការបណ្តោះអាសន្នសញ្ជាតិអាឡឺម៉ង់នឹងមិនទទួលបន្ទុកដឹកនាំMan.Utd នៅរដូវកាលក្រោយនោះដែរ។ Martial បានបង្ហាញខ្លួនចំនួន ៨ ដងក្នុងក្របខ័ណ្ឌ Premier League មុនពេលចាកចេញពីក្លឹប ដោយស៊ុតបញ្ចូលទីបានមួយគ្រាប់៕
ប្រភពព័ត៍មាន៖ Sportsmole