បរទេស៖ លោក Mikel Arteta បានសុំការអភ័យទោស ចំពោះការបង្ហាញពីទម្រង់លេង «ដែលមិនអាចទទួលយកបាន» ក្នុងពេលចាញ់ក្នុងលទ្ធផល ៣-០ នៅលើទឹកដីក្រុម Crystal Palace ដែលបានផ្តល់ការខកចិត្តដ៏ធំមួយចំពោះការប្រជែងដណ្តើមចំណាត់ថ្នាក់កំពូលទាំង៤លើតារាងក្របខ័ណ្ឌ Premier League។
ក្រុមរបស់លោក Arteta ត្រូវបានក្រុមម្ចាស់ផ្ទះគ្រប់គ្រងទាំងស្រុងនៅតង់ទី១ ខណៈដែលកីឡាករ Jean-Philippe Mateta និង Jordan Ayew សុទ្ធសឹងបានស៊ុតបាល់បញ្ចូលទីដូចគ្នា នាកីឡដ្ឋាន Selhurst Park កាលពីថ្ងៃចន្ទ។ ក្រោយពីមិនអាចធ្វើការវាយបកវិញ បន្ទាប់ពីតង់ទី១ ការរងបរាជ័យជាលើកទី២របស់ក្រុម Arsenal ក្នុងការប្រកួតក្របខ័ណ្ឌលីក៣លើកចុងក្រោយរបស់ពួកគេ ត្រូវបានបំពេញតាមរយៈគ្រាប់បាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួតរបស់ Wilfried Zaha។
ក្រុម Arsenal បានស្ថិតក្នុងចំណាត់ថ្នាក់លេខ៤ នៅមុនពេលចុងសប្តាហ៍មុន ប៉ុន្តែ ការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៥-១ លើក្រុម Newcastle របស់ក្រុម Tottenham កាលពីថ្ងៃអាទិត្យ បានដាក់សម្ពាធបន្ថែមទៀតលើក្រុមកាំភ្លើងធំ ហើយការឆ្លើយតបរបស់ពួកគេ មិនបានកើតឡើប្រកបដោយការជឿជាក់ឡើយ។ ការប្រជែងដណ្តើមយកកៅអីក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ តាមរយៈការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤ កំពុងតែក្តៅគគុក ហើយក្រុម Arsenal កំពុងតែស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់។ ពួកគេកំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុម Tottenham ដោយសារតែមានគ្រាប់បាល់តិចជាង ក្រោយ ក្រោយពីបានលេងការប្រកួតតិចជាងគូប្រកួតក្នុងទីក្រុងឡុងដ៍របស់ពួកគេមួយប្រកួត៕
ប្រភពព័ត៌មាន៖ Channel News Asia