បរទេស៖ ខ្សែ​ប្រយុទ្ធ Karim Benzema បាន​បំពេញការ​វាយ​បក​ដ៏​អស្ចារ្យ​ម្តង​ទៀត​សម្រាប់​ក្រុម Real Madrid កាលពីថ្ងៃ​អាទិត្យ ខណៈ​ដែល​​ពួកគេ​បាន​វាយ​បក​ពីការ​ដេញ​តាមពីក្រោយ​២​គ្រាប់ ដើម្បី​ផ្តួលក្រុម Sevilla ក្នុងលទ្ធ​ផល ៣-២ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ La Liga​។

ក្រោយ​ពី​ដេញ​តាម​ពីក្រោយ​ក្រុម Chelsea ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃ​អង្គារ មុន​នឹង​ឈ្នះ​កៅអី​របស់​ពួក​គេ ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រុម Real បាន​ធ្វើ​ឲ្យ Sevilla ស្រឡាំង​កាំង ដើម្បី​បំពេញ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​កក់​ក្តៅមួយ ដែល​កាន់​តែ​ធ្វើ​ឲ្យ​ពួក​គេ​មាន​ភាព​ច្បាស់​លាស់លើ​ការ​លើកពាន La Liga​។ ការ​រង​បរា​ជ័យសម្រាប់ Real នឹង​បង្កើត​ឲ្យមាន​ក្តី​សង្ឃឹម​ជា​ថ្មី​​សម្រាប់​ក្រុមប្រជែង​ដណ្តើម​ពាន ខណៈ​ដែល Sevilla និង Barcelona សុទ្ធ​សឹង​​ដេញ​តាមពីក្រោយ​១២ពិន្ទុ​ដូចគ្នា ប៉ុន្តែ Barca នៅសល់​២​​ប្រកួត​ក្នុង​ដៃ​។ ប៉ុន្តែ ផ្ទុយ​ទៅ​វិញ គ្រាប់​បាល់​​ស៊ុត​បញ្ចូល​ទី​នៅ​តង់​ទី​២ ពី​​សំណាក់កីឡាករ Rodrygo, Nacho Fernandez និង Benzema នៅ​នាទី​ ទី​៩២ មានន័យ​ថា ក្រុម Real បាន​បន្ថែម​​ការ​នាំមុខ​របស់​ពួក​គេ​រហូត​ដល់​១៥ពិន្ទុ ស្រប​ពេល​ដែល​នៅ​សល់​ការ​ប្រកួត​តែ​៦លើក​ទៀត​ប៉ុណ្ណោះ​។

គ្រាប់បាល់​របស់ Benzema ក៏​បាន​ទម្លាក់ក្រុម Chelsea កាលពីថ្ងៃ​អង្គារ​ផង​ដែរ ក្រោយពី Rodrygo បាន​បង្ខំ​ឲ្យ​ការ​ប្រកួត​ឈាន​ដល់​នាទី​បន្ថែម​១៥នាទី​២ដង នា​​កីឡដ្ឋាន Santiago Bernabeu ហើយ​កីឡាករ​ទាំង​២ រួម​ទាំង Vinicius Junior បាន​រកគ្រាប់​បាល់​ដ៏សំខាន់​ម្តង​ទៀត​។ បច្ចុប្បន្ន Benzema រក​បាន​៤៤គ្រាប់ ក្នុងការ​បង្ហាញខ្លួន​៤៦ នៅ​រដូវ​កាល​នេះ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia