បរទេស៖ ខ្សែ​ប្រយុទ្ធ Mohamed Salah បាន​ទទួល​ស្គាល់​ថា ការ​​លេង​ក្នុង​ការ​ប្រកួត​ជា​មួយនឹងក្រុម Manchester United នៅ​រដូវ​កាល​នេះ គឺ​ជា​រឿង​ «ដ៏ងាយស្រួល» ក្រោយពី​បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ ក្នុង​ពេលក្រុម​ខ្លួន​បាន​យកឈ្នះ​ក្នុង​លទ្ធ​ផល ៤-០ លើ​ក្រុម​បិសាចក្រហម​មួយ​នេះ នាកីឡដ្ឋាន Anfield កាលពីថ្ងៃ​អង្គារ ដើម្បី​ជួយ​ឲ្យ Liverpool ឡើង​ឈរ​លើ​កំពូល​តា​រាង Premier League ជា​ណ្តោះ​អាសន្ន​។

Salah ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ផង​ដែរ ក្នុង​ពេល​ក្រុម Liverpool បានយកឈ្នះ​ក្នុងលទ្ធ​ផល ៥-០ នា​កីដ្ឋាន Old Traffrod នៅ​ពេល​ដែល​ក្រុម​ទាំង​២ បាន​ជួប​គ្នា​កាលពី​ខែតុលា​។ Salah បាន​ឲ្យដឹងថា៖ «ពួក​គេ​ធ្វើ​ឲ្យ​ជីវិត​កាន់​តែ​ងាយស្រួល នៅ​តំបន់​បម្រើ និង​ការ​ពារ​។ ពួកគេ​តែ​ងតែ​ព្យា​យាម​​ផ្តល់​បាល់​ដល់​យើង ក្នុង​ស្ថាន​ភាព​មួយ​ទល់​នឹង​មួយ ហេតុនេះ វា​​ធ្វើ​ឲ្យ​កាន់​តែ​មាន​ភាព​ងាយស្រួល​​។

នៅពេល​ដែល​យើង​ការ​ពារ យើងបាន​ការ​ពារ​យ៉ាង​រឹង​មាំ​ទាំង​ក្នុង​ដី និង​ក្រៅដី​»​។ Salah មិនធ្លាប់​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ឲ្យ Liverpool សោះ ពី​ការ​ប្រកួត​បែប​បើក​ចំហរ បើ​គិត​ចាប់​តាំងពី​ខែ​កុម្ភៈ ប៉ុន្តែ បាន​វិល​ទៅ​រក​ទម្រង់​លេង​ដ៏ល្អ​របស់​គេ​ ដោយ​សារ​តែ​ចន្លោះប្រហោង នៅ​តំបន់​ការ​ពារ​របស់​ក្រុម Man United ដើម្បី​ធ្វើ​ឲ្យ​គ្រាប់​បាល់​សរុប​របស់​គេ​នៅ​រដូវ​កាល​នេះ កើន​ដល់​៣០​គ្រាប់​។ Salah បាន​បន្ថែម​ទៀត​ថា៖ «ខ្ញុំ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ជាច្រើន​សម្រាប់​ក្លិប​នេះ ហើយ​ខ្ញុំ​នឹង​​រក្សា​ការ​រក​គ្រាប់​បាល់​បញ្ចូល​ទី​។ រឿង​ដ៏សំខាន់​បំផុត​គឺ​ថា ក្រុម​នេះ កំពុង​តែ​ឈ្នះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia