បរទេស៖ ក្រុម Manchester City ចាំ​បាច់​ត្រូវ​តែ​ឈ្នះ​រាល់​ការ​ប្រកួត​ដែលនៅ​សល់​ទាំង​៦​ក្នុងក្រប​ខ័ណ្ឌ Premier League ដើម្បី​ការ​ពារ​ពាន​របស់​ខ្លួន​។ នេះ​បើយោង​ទៅ​តាម​ការ​​បញ្ជាក់​របស់​លោក​គ្រូបង្វឹក​ Pep Guardiola ខណៈ​ដែល​លោកមើលមិន​ឃើញ​​ថា Liverpool អាច​នឹង​ភ្លាត់​ស្នៀត​ នៅមុន​ពេល​បញ្ចប់​រដូវ​កាល​នេះ​ឡើយ​។

ក្រុម Man City បាន​វិល​ទៅកាន់​ការនាំ​មុខ​១ពិន្ទុ​វិញ​ លើ​ក្រុម​ហង្សក្រហម ក្នុង​ការ​ប្រជែង​ដណ្តើម​ពាន ខណៈ​ដែល​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ក្នុង​តង់​ទី​២ ពី​កីឡាករ Riyad Mahrez, Phil Foden និង Bernardo Silva បាន​ជួយ​ឲ្យ​ពួកគេ​ដណ្តើម​បាន​ជ័យ​ជម្នះ​ក្នុងលទ្ធ​ផល ៣-០ លើក្រុម Brighton នា​កីឡដ្ឋាន Etihad​។ Liverpool បាន​យកឈ្នះ​លើ​ក្រុម Manchester United ក្នុងលទ្ធ​ផល ៤-០ កាលពីថ្ងៃ​អង្គារ ហើយ​លោក Guardiola ពិត​ជា​ស្ងើច​សរសើរ​ដល់​ទម្រង់​លេង​របស់​ក្រុម​លោក Jurgen Klopp​។

លោក Guardiola បាន​ឲ្យដឹង​ថា៖ «យើង​កំពុង​តែ​ប្រជែង​ជា​មួយ​នឹងក្រុម​ខ្លាំង​មួយ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​បំផុត​ក្នុង​ពិភព​លោក​។ ពួក​គេ​មាន​សមត្ថភាព​គ្រប់​បែប​យ៉ាង ហើយ​នោះ​គឺ​ជា​មូលហេតុ​ដែល​ការ​ស្ថិតនៅ​ទីនោះ​ជា​មួយ​នឹង​ពួកគេ​មាន​ន័យ​ខ្លាំង​»​។ លោក​បាន​បន្ថែម​ទៀតថា៖ «វា​ជា​រឿងដ៏​សាមញ្ញ​។ Liverpool នឹង​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​អស់​។ ប្រសិន​បើ​យើង​បាត់បង់ពិន្ទុ ពួកគេ​នឹងក្លាយ​ជា​ម្ចាស់​ជើង​​ឯក​ ហើយ​ប្រសិនបើ​យើង​ឈ្នះ​រាល់​ការ​ប្រកួត​ទាំង​អស់ យើង​នឹង​ក្លាយ​ជាម្ចាស់​ជើង​ឯក​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia