បរទេស៖ លោក Thomas Tuchel គ្រូបង្វឹក​ក្រុម Chelsea បាននិយាយ​ថា ក្រុម​របស់​លោក ត្រូវ​តែ​បញ្ឈប់​ការ​ធ្វើ​ឲ្យ​​មាន​កំហុស​នៅ​តំបន់ការ​ពារ​​ជា​បន្ត​បន្ទាប់ ក្រោយពីក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អឺ​រ៉ុប​មួយនេះ បាន​របូត​​គ្រាប់​បាល់​រហូត​ដល់​ទៅ​១១​គ្រាប់ ក្នុង​​ការ​​ប្រកួត​លើ​ទឹកដីខ្លួន​ឯង​៣លើក​ចុងក្រោយ​របស់​ពួក​គេ ក្នុង​​នោះ​​រាប់​បញ្ចូល​​ទាំង​ការ​ចាញ់​ក្រុម Arsenal ក្នុង​លទ្ធ​ល ៤-២ កាលពីថ្ងៃ​ពុធ​ផង​ដែរ​។

លោក Tuchel បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ចំនួន​នៃ​ការប្រព្រឹត្ត​កំហុស​បែប​នេះ វា​​ជា​រឿង​ដែលមិន​អាច​ទទួល​យក​បាន​ឡើយ​ ហើយ​ខ្ញុំ​មើល​មិន​ឃើញ​ក្នុងការ​ប្រកួត​ផ្សេង​ទៀត​ឡើយ ប៉ុន្តែ ខ្ញុំ​ឃើញ​កំហុស​នេះ ក្នុងការ​ប្រកួត​ជា​បន្ត​បន្ទាប់​របស់​យើង ហេតុនេះ វា​ត្រូវ​តែ​បញ្ឈប់​»​។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺ​ម៉ង់​រូប​នេះ បាន​និយាយ​ថា លោក​បាន​គិត​ថា ក្រុម Chelsea បាន​ដោះ​ស្រាយ​រួច​រាល់​ហើយ​លើ​ភាព​ទន់​ខ្សោយ​ក្នុង​តំបន់​ការ​ពារ ​ដែល​​ធ្វើ​ឲ្យពួកគេ​ចាញ់​ក្រុម Brentford នៅ​កីឡដ្ឋាន Stamford Bridge ក្នុងលទ្ធផល ៤-១ និង​ចាញ់​ក្នុងលទ្ធ​ផល ៣-១ លើ​ទឹកដីខ្លួន​ឯង​ក្រោមស្នា​ដៃក្រុម Real Madrid ក្នុងក្រប​ខ័ណ្ឌ Champions League កាលពី​ដើម​ខែ​នេះ ក្រោយ​បាន​បង្ហាញពី​ទម្រង់​លេង​ដ៏​រឹង​មាំ​នា​ពេលថ្មីៗនេះ​។

លោក Tuchel បាន​ឲ្យដឹងថា៖ «ពួក​គេ​​ទទួលបាន​ការ​កោតសរសើរ​ពេញ​ទំហឹង នៅពេល​ដែលពួក​គេ​ធ្វើ​ដូច​ជា​ពួកគេ​បាន​ធ្វើ​ក្នុង​ការ​ប្រកួត៣​លើក​ចុងក្រោយ​អ៊ី​ចឹង ហើយ​ពួកគេ​ត្រូវ​តែ​ប្រឈម​មុខ​នឹង​ការ​ពិត​ថា នេះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ​​ក្នុងការ​ឈ្នះការ​ប្រកួត​បែប​នេះ​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia