បរទេស៖ ក្រុម Everton បាន​រក្សា​ក្តី​សង្ឃឹម​របស់​ពួក​គេ​ក្នុង​ការ​បន្ត​​លេង​ក្នុងក្រប​ខ័ណ្ឌ Premier League តាម​រយៈ​ការ​ផ្តួល​ក្រុម Chelsea ក្នុងលទ្ធ​ផល ១-០ កាលពីថ្ងៃ​អាទិត្យ ស្រប​ពេល​ដែល​​ក្រុម Arsenal បាន​រក្សា​​ការ​នាំមុខ​របស់​ពួក​គេ​ចំនួន​២ពិន្ទុ​លើ​ក្រុម Tottenham ក្នុង​ការ​ប្រជែង​​យក​កៅអី​ទៅលេង​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​។

ក្រុម Arsenal បាន​​ទទួល​ជ័យ​ជម្នះ​ក្នុង​លទ្ធផល ២-១ នៅលើ​ទឹកដីក្រុម West Ham ដើម្បី​រក្សា​ការ​ឈរ​ពីលើ​ក្រុម Spurs ដែល​មុន​នេះ បានផ្តួលក្រុម Leicester ក្នុង​លទ្ធ​ផល ៣-១ ក្រោយពី​ខ្សែ​ប្រយុទ្ធ Son Heung-min បាន​ស៊ុត​​បាល់​បញ្ចូល​ទី​២​គ្រាប់​។ ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏សំខាន់​របស់​ក្រុម Everton នៅ​កីឡដ្ឋាន Goodison Park មានន័យ​ថា ក្រុម​របស់​លោក Frank Lampard ដេញ​តាមពីក្រោយ​ក្រុម​ស្ថិតក្នុង​តំបន់​សុវត្ថិភាព ត្រឹម​តែ​២ពិន្ទុ​គត់ និង​នៅ​សល់​១​ប្រកួត​ក្នុង​ដៃ ដើម្បី​ឡើង​ឈរ​ពី​លើ​ក្រុម Leeds និង Burnley​។

លោក Lampard បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា៖ «អ្នក​គាំទ្រ​ស្ថិតនៅ​ចំចំណុច​កណ្តាល​នៃ​ការឈ្នះ​នេះ​​។ ខ្ញុំរីក​រាយ​ណាស់​ដែល​កីឡាករ​អាច​មើល​ឃើញពី​មធ្យោ​បាយ​ដ៏មាន​អត្ថន័យ​ចំពោះ​អ្នក​គាំទ្រ​​»​។ ការ​រង​បរា​ជ័យ​នេះ ធ្វើ​ឲ្យ​ក្រុម​ឈរលខ​៣ Chelsea នៅ​សល់​ការ​ងារ​ជាច្រើន​ទៀត​ដើម្បី​ធ្វើ​ និង​ដើម្បី​ឈ្នះ​​កៅអី​របស់​ពួកគេ​ក្នុងក្រប​ខ័ណ្ឌ Champions League នា​រដូវ​កាល​ក្រោយ​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia