បរទេស៖ ខ្សែ​ការ​ពារ Raphael Varane រក​បាន​គ្រាប់​បាល់​ជាលើក​ដំបូង​របស់​គេ​ក្នុងក្រប​ខ័ណ្ឌ Premier League ខណៈ​ដែល​ក្រុម​បិសាចក្រហម Manchester United បាន​វិល​ទៅកាន់​ផ្លូវ​នៃ​ជ័យ​ជម្នះ​វិញ តាម​រយៈ​ការយកឈ្នះ​លើ​ក្រុម Brentford ក្នុង​លទ្ធផល ៣-០ នៅ​រាត្រីនៃ​ការ​លា​គ្នាដ៏​រំជួល​ចិត្ត នា​កីឡដ្ឋាន Old Trafford​។

កីឡាករ Bruno Fernandes និង Cristiano Ronaldo ក៏​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ផង​ដែរ កាលពីថ្ងៃចន្ទ ដែល​ជា​ការ​ប្រកួត​​លើ​ទឹក​ដីខ្លួន​ឯង​ជាលើក​ចុងក្រោយ​របស់​ក្រុម Man United នៅ​រដូវ​កាល​ដ៏ត្រដាប​ត្រដួស​នេះ​​។ ខ្សែ​បម្រើ Juan Mata និងខ្សែ​ការ​ពារ Nemanja Matic ត្រូវ​បាន​ដាក់​ឲ្យ​ចូល​លេង​ក្នុង​ជម្រើស​ដំបូង​ ដោយ​លោក​គ្រូបង្វឹក Ralf Rangnick ខណៈ​​ដែលនេះ​អាច​ជា​ការ​បង្ហាញខ្លួន​ជាលើក​ចុងក្រោយ​របស់​ពួកគេ​នៅ Old Trafford ស្រប​ពេល​ដែល Edinson Cavani ដែល​ក៏​ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​ចាក​ចេញ​ដែរ​នោះ ក៏​បានចូល​លេង​ក្នុងនាម​ជា​កីឡាករ​បម្រុង​ផង​ដែរ​។

Man United នៅ​តែ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​លេខ​៦ ដោយ​មាន​៥៨ពិន្ទុ ពីការ​ប្រកួត​៣៦លើក ដោយ​ដេញ​តាមពីក្រោយ​ក្រុម Arsenal ៥ពិន្ទុ ប៉ុន្តែ បាន​លេង​ការ​ប្រកួត​ច្រើន​ជាង​២លើក​។ ក្រុម Brentford មាន​៤០ពិន្ទុ ពីការ​ប្រកួត​៣៥លើក ហើយ​ចាំ​បាច់​ត្រូវ​តែ​ឈ្នះ​១លើកទៀត ដើម្បី​ធានា​ថា ពួកគេ​គេ​ចផុត​ពី​ការ​ធ្លាក់​ក្បែរ​តំបន់​កាត់ចោល​៕

ប្រភព​ព័ត៌មាន៖ Channel News Asia