បរទេស៖ លោក Carlo Ancelotti បាន​និយាយ​ថា «ប្រវត្តិ​​របស់ក្លិប» បាន​ជួយ​ឲ្យ​ក្រុម Real Madrid របស់​លោក ​បង្កើត​ការ​វាយបក​មួយ​ផ្សេង​ទៀត​ក្នុងក្រប​ខ័ណ្ឌ​ Champions League ដើម្បី​ទម្លាក់​ក្រុម Manchester City កាលពីថ្ងៃ​ពុធ និង​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​។

ក្រុម​ម្ចាស់​ជើង​​​ឯក​ក្រប​ខ័ណ្ឌកំពូល​អឺ​រ៉ុប​១៣​សម័យកាល​មួយ​នេះ បាន​ដេញ​តាមពី​ក្រោយ ១-០ នៅ​រាត្រីនោះ និង​តាម​ពីក្រោយ​ទាំង​២​ជើង ក្នុងលទ្ធផល ៥-៣ ក្នុង​វគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ មុន​នឹង​ឈាន​ទៅកាន់​​នាទី ទី​៩០ ប៉ុន្តែ កីឡាករ Rodrygo បាន​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់​នៅ​ជិត​បញ្ចប់​ការ​ប្រកួត ហើយ​គ្រាប់​បាល់​ប៉េណាល់ទី​នៅនាទីបន្ថែម​១៥នាទី​២​ដង​​របស់ Karim Benzema បាន​ជួយឲ្យ​ពួក​គេ​ទៅ​វគ្គ​បន្ត​តែម្តង​។ ក្រុម Real Madrid ក៏​បាន​វាយ​បក​ដេញ​តាមពីក្រោយ​ដើម្បីផ្តួលក្រុម Paris Saint-Germain ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ និង​ក្រុម Chelsea ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​ផង​ដែរ​។

ក្រោយពី​បាន​ក្លាយ​ជា​គ្រូបង្វឹក​ដំបូង​គេ​ក្នុង​ប្រវត្តិ​សាស្ត្រ​ក្នុងការ​​ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​​៥​លើក​នៃ​យុទ្ធ​នាការ​នេះ លោក Ancelotti បាន​ប្រាប់​ទូរ​ទស្សន៍ BT Sport ថា៖ «ខ្ញុំ​មិន​អាច​និយាយ​ថា យើង​​ស៊ាំ​ទៅនឹង​ស្ថានភាព​បែប​នេះ​ឡើយ ប៉ុន្តែ អ្វី​ដែល​បាន​កើត​ឡើង​នៅ​រាត្រី​នេះ វា​បាន​កើតឡើងរួច​ហើយ​​ពេល​ប៉ះ Chelsea និង PSG​។ ប្រសិន​បើ​អ្នក​ត្រូវ​តែ​និយាយ​ពី​មូលហេតុ វា​គឺ​ប្រវត្តិ​របស់​ក្លិប​នេះ ដែលជួយ​ឲ្យ​យើង​ទៅ​វគ្គ​បន្ត នៅ​ពេល​ដែល​វា​ហាក់​​​បង្ហាញ​ថា យើង​នឹង​ត្រូវ​ធ្លាក់​»​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia