បរទេស៖ ខ្សែ​ប្រយុទ្ធ Gareth Bale ដែល​ជា​ប្រធាន​ក្រុម​​នៃក្រុម​បាល់ទាត់​ជម្រើស​​ជាតិ​​វេលស៍ បាន​ប្រកាស​ពីការ​ផ្ទេរ​របស់​គេ ទៅកាន់​ក្លិប Los Angeles FC របស់​ក្រប​ខ័ណ្ឌ Major League Soccer កាលពីថ្ងៃ​សៅរ៍ ក្រោយ​ពីការ​ចាក​ចេញ​របស់​គេ​ពីក្លិប​យក្ស​អេ​ស្ប៉ាញ Real Madrid​។

Bale បាន​បញ្ជាក់​ពី​គម្រោង​របស់​គេ ក្នុងការ​ចល​រួម​ជាមួយ​នឹងក្លិប LAFC នៅ​លើ​បណ្តាញសង្គម Twitter ក្រោយ​ពី​ការ​លេច​ឮព័ត៌​មាន​ជា​ច្រើន​​កាលពីព្រឹក​ថ្ងៃ​សៅរ៍ អំពី​ការ​ផ្ទេរ​នេះ​។ ខ្សែ​ប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូបនេះ បាន​សរសេរ​ថា៖ «ជួប​គ្នា​ឆាប់​ៗ Los Angeles​»។ ជាមួយ​គ្នា​នេះ ក៏​មាន​រូបភាព​វី​ដេអូ​ដែល​បង្ហាញ​ថា Bale កំពុង​តែ​ពាក់​អាវ​របស់​ក្លិប LAFC និង​មួក ផ​ងដែរ​។ កាសែត Los Angeles Times បាន​ចេញផ្សាយ​ថា Bale នឹង​មាន​សិទ្ធិ​លេង​ឲ្យ​ក្លិប LAFC ចាប់​ពីថ្ងៃ​ទី​១ ខែកក្កដា ត​ទៅ​។

ដោយ​ឡែក សារ​ព័ត៌​មាន ESPN បាន​ចេញផ្សាយ​ថា Bale នឹង​ធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Los Angeles នៅ​ចុង​សប្តាហ៍នេះ ដើម្បី​ចុះហត្ថលេខា​លើ​​កិច្ច​សន្យា​មួយ​ដែល​នឹង​ផុត​កំណត់​​រហូត​ដល់​បញ្ចប់​រដូវ​កាល​នេះ ជាមួយ​នឹង​ជម្រើស​បន្ត​កិច្ច​សន្យា​រយៈ​ពេល​១​ឆ្នាំ​ទៀត​។ Bale ធ្លាប់​ជាកីឡាករ​​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុងពិភព​លោក និង​បាន​ចំណាយ​ពេល​ចំនួន​៨​រដូវ​កាល​ជា​មួយនឹងក្លិប Real Madrid ដោយបាន​ឈ្នះ​ពាន​ក្នុងស្រុក​ចំនួន​៣ និង​ពាន​ក្រប​ខ័ណ្ឌ Champions League ៥​លើក​។ តា​រាឆ្នើម​អន្តរ​ជាតិ​វេលស៍​រូបនេះ បាន​ស៊ុត​បាល់​ក្នុង​ការ​ប្រកួតលីគ​ចំនួន​១៣៩​គ្រាប់ ក្នុងអាជីព​ក្លិប​រសប់​គេ ក្នុងនោះ​រក​បាន​៣៩​គ្រាប់ ក្នុង​ការ​បង្ហាញខ្លួន​ជា​អន្តរ​ជាតិ​១០៦លើក​សម្រាប់​វេលស៍​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia