ក្រុម​វិសាខា បាន​ធ្វើ​ឱ្យការ​វិល​មកកាន់ការ​ប្រកួត​ដំណាក់កាល​ទី​២ នៃ​លីគកំពូល​កម្ពុជា ឆ្នាំ​​២០២២របស់ពួកគេ បានចាប់​ផ្តើម​ដោយភាព​រីក​រាយ បន្ទាប់ពី​ក្រុម​មួយ​នេះ បាន​ជម្រះ​ភាព​ហ្មងសៅ ចំពោះការសងសឹក​ក្រុមណាហ្គាវើលដ៍ បានសម្រេច កាលពី​ម្សិលមិញ ប៉ុន្តែ​ភ្នំពេញ​ក្រោន នៅតែបន្តចាញ់​ក្រុម​ខ្លាំង ព្រះខ័នរាជស្វាយរៀង ដដែល។

ក្រុម​វិសាខា ដែល​ទើប​បញ្ចប់ការ​ប្រកួត​វគ្គចែក​ពូល​ពាន​រង្វាន់ AFC Cup 2022 នៅប្រទេស​ឥណ្ឌូនេស៊ី ដោយ​ការ​ឈ្នះ​២ និងចាញ់​១​ប្រកួត​នោះ បាន​ធ្វើឱ្យ​​គ្រាប់​គ្នា មើល​ឃើញថា ពួកគេ មានទម្រង់​លេង​ល្អជាងមុន ហើយ​ភាព​រីក​រាយ បានកើត​មាន​ឡើង បន្ទាប់​ពី​​ខ្សែ​ការពារ អ៊ុក សុវណ្ណ រកបាន​គ្រាប់បាល់ បើក​ឆាក នៅនាទីទី​៤ នៅ​មុនពេល ឆេង ម៉េង បាន​បន្ថែម​១​គ្រាប់​ទៀត នៅនាទីទី​៣១។

ជាមួយការ​នាំ​មុខ ២-០ នេះ ​ក្រុមណាហ្គាវើលដ៍ បានព្យាយាម​វាយ​បក និងដាក់​សម្ពាធ​ទៅលើ​ក្រុម​វិសាខា យ៉ាង​ខ្លាំង នៅតង់ទី​២ ហើយ​ក៏​បាន​​បង្កើត​ឱកាស​​​ច្រើន​ផងដែរ ប៉ុន្តែ​ពួក​គេ មិនអាច​រកបាន​គ្រាប់​បាល់ ត្រឡប់មក​វិញ នោះ​ទេ ជាហេតុ​នាំឱ្យ​ ណាហ្គា បានចាញ់ វិសាខា ២-០ ទាំង​សោក​ស្តាយបំផុត។​ ជាមួយជ័យជម្នះ​នេះ វា​ក៏ជា​លើក​ដំបូង​ផងដែររបស់​គ្រូ​បង្គោល មាស ចាន់ណា ផងដែរ ដែលបាន​នាំ​ក្រុម​ថ្មី វិសាខា ដោយ​ផ្ទាល់ ដើម្បី​យក​ឈ្នះក្រុម​ចាស់​របស់​លោក គឺ​ណាហ្គាវើលដ៍ ក្នុងជំនួប​លើកនេះ។

ដោយ​ឡែក ក្រុម​ព្រះខ័នរាជស្វាយរៀង នៅតែ​រក្សា​បាន នៅកំណត់ត្រា មិន​ធ្លាប់ចាញ់សោះ បន្ទាប់ពីពួកគេ បាន​បន្ត​យក​ឈ្នះលើ​ក្រុម​ការពារ​តំណែង​ជើងឯក ភ្នំពេញ​ក្រោន ១-០ នៅលើ​ទឹក​ដី​របស់​ខ្លួន​ឯង បន្ថែម​ទៅលើការ​ឈ្នះ ៣-០ កាល​ពីប្រកួត​ដំណាក់កាល​ទី​១ កន្លងមក។

យ៉ាង​ណា​ក៏ដោយ ការ​ទទួលបាន​៣ពិន្ទុ​បន្ថែម របស់​ក្រុមស្វាយរៀង លើក​នេះ បានកើត​មាន​​ឡើង​ទាំង​លំបាក គឺ​បាន​រង់ចាំ​រហូត​ដល់នាទី ៩០+២ ពីការ​រក​បាន​គ្រាប់បាល់ជ័យជម្នះ​​របស់ខ្សែ​ប្រយុទ្ធពាក់​លេខ​៩៩ Marcus Haber ហើយ​​ការ​ដណ្តើម​បាន៣ពិន្ទុ​នេះ បាន​ជួយ​ឱ្យ ស្វាយរៀង បន្ត​ឈរ​នៅលេខ​១ ដោយមាន​២៥ពិន្ទុ​ដាច់ឆ្ងាយពី​​ក្រុមលេខ​២ បឹងកេត ដែល​មាន​ត្រឹម​​១៦ពិន្ទុ រីឯ ណាហ្គាវើលដ៍ ឈរ​នៅលេខ​៣ មាន​១៤ពិន្ទុ និង វិសាខា ឈរ​នៅលេខ​៤ មាន​ ១៣ពិន្ទុ៕