ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើឱ្យមានគម្លាតពិន្ទុ នាំមុខ កាន់ដាច់កាន់តែឆ្ងាយពីក្រុមផ្សេងៗទៀត បន្ទាប់ពីក្រុមមានមូលដ្ឋាន នៅខេត្តស្វាយរៀង មួយនេះ បានបន្តយកឈ្នះក្រុមកំពុងឈរនៅលេខ២ បឹងកេត កាលពីចុងសប្តាហ៍មុននេះ ហើយក្រុមភ្នំពេញក្រោន និងវិសាខា ក៏ដណ្តើមបាន៣ពិន្ទុ ផងដែរ។
យ៉ាងណាក៏ដោយ គ្រូបង្គោលរបស់ក្រុមព្រះខ័នរាជស្វាយរៀង មិនបានបង្ហាញចំណាប់អារម្មណ៍អ្វីច្រើនទេ សម្រាប់ការយកឈ្នះក្រុមបឹងកេត ១-០ ទាំងលំបាក ពីការរកបានគ្រាប់បាល់ជ័យជម្នះរបស់ខ្សែប្រយុទ្ធពាក់លេខ៩៩ Haber នៅនាទីទី៨៧នេះ។
តាមរយៈក្លិបព្រះខ័នរាជស្វាយរៀង គ្រូបង្វឹកជនជាតិអៀរឡង់ លោក Conor Nestor បាននិយាយថា៖ «ខ្ញុំមិនមានអ្វីច្រើន ត្រូវលើកឡើងនោះទេ សម្រាប់ការទទួលបាន៣ពិន្ទុ ព្រោះគ្រប់ក្រុមទាំងអស់ ដូចគ្នា គឺអ្នកទទួលបានចំនួនពិន្ទុដូចគ្នា ពេលអ្នកឈ្នះ ហើយអ្នកនឹងបាន០ពិន្ទុ នៅពេលអ្នកចាញ់ ហើយនេះជាអ្វី ដែលខ្ញុំចង់លើកឡើង»។
តាមរយៈការបន្តយកឈ្នះក្រុមបឹងកេត ១-០ សម្រាប់ការប្រកួតដំណាក់កាលទី២ នៃលីគកំពូលកម្ពុជានេះ បានធ្វើឱ្យក្រុមព្រះខ័នរាជស្វាយរៀង នៅពេលនេះ មានពិន្ទុដាច់ឆ្ងាយពីក្រុមឈរនៅលេខ២ បឹងកេត រហូតដល់១២ពិន្ទុ ចំណែកក្រុមវិសាខា ឈរនៅលេខ៣ មាន១៦ពិន្ទុ ស្មើបឹងកេត ដែរ ព្រោះពួកគេ បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-១ ទាំងលំបាក តែក្រុមណាហ្គាវើលដ៍ បានស្មើ ១-១ ជាមួយក្រុមកងយោពលខេមរភូមិន្ទ ចំណែកភ្នំពេញក្រោន បានឈ្នះក្រុមអង្គរថាយហ្គឺរ ៣-២៕