គ្រូ​បង្វឹកក្រុម​ព្រះខ័នរាជស្វាយរៀង និងណាហ្គាវើលដ៍ គ្រោង​ផ្តល់ឱកាស​ឱ្យ​កីឡាករ​​វ័យក្មេង បានចូល​លេង ពេល​ពួក​គេ ត្រូវ​ប្រកួតកាត់សេចក្តីជើង​ទី​២ វគ្គ​១៦​ក្រុមចុង​ក្រោយ នៃ​​ពាន​រង្វាន់សម្តេច​ហ៊ុនសែន លើក​ទី​១៦ ឆ្នាំ​២០២២ ជាមួយ​ក្រុមសូល​ទីឡូអង្គរ និង​​អាស៊ីអឺរ៉ុប នៅ​ថ្ងៃ​ពុធនេះ។

គ្រូ​បង្គោល​ក្រុមណាហ្គាវើលដ៍ លោក ឃីម បូរី ហាក់មិនមាន​ភាពស្ទាក់ស្ទើរ​នោះ​ទេ ក្នុងការ​ផ្តល់ឱកាសឱ្យ​កីឡាករ​វ័យក្មេង ចូល​លេង សម្រាប់​ការ​ប្រកួត​ជើង​ទី​២ ជាមួយ​ក្រុម​អាស៊ីអឺរ៉ុប នៅ​រសៀលម៉ោង ៣:៣០ ថ្ងៃ​ពុធនេះ ព្រោះពួកគេ មានគ្រាប់បាល់​នាំ​មុខ ៤-០ លើ​ក្រុមអាស៊ីអឺរ៉ុប​រួច​ទៅហើយ សម្រាប់ការ​ប្រកួតជើងទី​១ កន្លងមកនេះ។

លោក ឃីម បូរ៉ា បាន​និយាយ​ថា៖​ «​ការ​យក​ឈ្នះ​លើ​ក្រុមអាស៊ីអឺរ៉ុប ៤-០ កាលពី​ជើងទី​១ វាជា​លទ្ធផល លើស​ការ​រំពឹង​ទុក ដោយ​កីឡាករ​របស់​យើងធ្វើ​បាន​ល្អមែន​ទែន ហើយ​លទ្ធផល​នេះ វាជារឿង​ល្អ ដែល​យើង​នឹង​អាចដាក់កីឡាករ ដែលមិនបាន​លេង នៅលីគ​កំពូល ឱ្យ​ចូល​លេង​ទាំងអស់ នៅក្នុងការ​ប្រកួត​ជើង​ទី​២​នេះ»។

យ៉ាងណា​មិញ លោក Conor Nestor មិនដាក់កីឡាករ​វ័យក្មេ​ង​ឱ្យ​ចូល​លេង​ច្រើន​ប៉ុន្មានទេ ព្រោះ ការ​យក​ឈ្នះក្រុម​សូលទីឡូអង្គរ ត្រឹម ១-០ នាការ​ប្រកួតជើងទី​១ នៅលើទឹក​ដី​ខេត្តសៀម​រាប កន្លងមកនេះ វា​មិនទាន់​អាចឱ្យ​ក្រុម​ព្រះខ័នរាជស្វាយរៀង មានភាគ​រយខ្ពស់ ក្នុងការ​បាន​ឡើង​ទៅវគ្គ​៨​ក្រុមចុងក្រោយ នៅឡើយទេ។

សម្រាប់ការ​ជួបក្រុម​សូលទីឡូអង្គរ នៅកីឡដ្ឋាន​ខេត្តស្វាយរៀង នៅ​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃនេះ លោក Conor Nestor បាន​និយាយ​ថា​៖ ​«ក្រុម​របស់​យើង នឹង​ដាក់​លេង​លាយ​ចូលគ្នា​រវាង​កីឡាករក្មេងៗ និង កីឡាករចាស់វស្សា ព្រោះថា​កីឡាករ​មួយ​ចំនួន​ត្រូវ​ការ​ពេល​បង្ហាញ​ខ្លួន​លើទីលាន»។

តែ​ទោះបីជា​យ៉ាង​ណា លោក Conor Nestor គិត​ថា សូលទីឡូអង្គរ បាន​នឹង​កំពុងមាន​បញ្ហា ទៅលើ​ការ​សម្រេច​ ថាតើពួកគេ នៅតែ​រក្សា​ទម្រង់លេង​បែប​ចតឡាន​ក្រុង ឬក៏ត្រូវ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​លេង ក្នុង​ការស្វែង​រក​គ្រាប់បាល់ ខណៈពួកគេ បានចាញ់ នៅជើង​ទី​១ ទៅ​ហើយ​នោះ។

លោក Conor បាន​​និយាយ​ថា៖ «ខ្ញុំគិតថាស្ទីលលេងរបស់សូលទីឡូអង្គរ សម្រប​ទៅ​នឹងតាក់ទិក​របស់​ក្រុម​ជម្រើស​ជាតិ​​នាពេលថ្មីៗនេះ គឺ​ពិតណាស់ថា ពួកគេខិតខំប្រឹងប្រែង ដើម្បីលេងស្ទីលបែបនេះ​។ យ៉ាងណាក្ដី ពេលអ្នកចាញ់ ១-០ រួចហើយនៅជើងទី១ តើនៅតែរក្សាការការពារ និង វាយ​បក ឬ ត្រូវផ្លាស់ប្ដូរតាក់ទិក ដើម្បីឈ្នះការប្រកួតនេះ? ខ្ញុំគិតថា ជា​បញ្ហា​ដែល​ពួក​គេ​ត្រូវ​តែ​ដោះ​ស្រាយ»។

ដោយឡែក ក្រុមវិសាខា ត្រូវ​ស្វាគមន៍​ក្រុម សៀម​រាបអេហ្វស៊ី នៅម៉ោង ៣:៣០ ថ្ងៃ​ពុធនេះ​ដែរ ស្របពេល​ក្រុម​បឹងកេត ត្រូវជួបក្រុម​ភ្ញៀវ អាយអេសអាយដង្កោសែន​ជ័យ ក្នុង​ពេល​នេះ​​ដូចគ្នា ខណៈការ​ប្រកួតជើងទី១ កន្លងមកនេះ ក្រុមវិសាខា បានលត់​ក្រុម​សៀមរាប ៦-០ ហើយបឹងកេត បានឈ្នះ​ក្រុមអាយអេសអាយដង្កោសែនជ័យ ២-០៕