បរទេស៖ ក្លិបបិសាចក្រហម Manchester United កំពុងតែមានជឿជាក់លើការបំពេញការចុះហត្ថលេខាខ្សែការពារកណ្តាល Lisandro Martínez របស់ក្លិប Ajax នៅសប្តាហ៍នេះ ក្រោយពីបានពិភាក្សាគ្នាយ៉ាងជោគជ័យជាមួយនឹងក្លិបរបស់ហូឡង់មួយនេះ ក្នុងទីក្រុង Amsterdam កាលពីថ្ងៃពុធ។
ក្លិបទាំង២ បានធ្វើការចរចាគ្នាអស់រយៈពេលជាច្រើនម៉ោង នៅមុនពេលឈានដល់ការព្រមព្រៀងគ្នាសម្រាប់ខ្សែការពារវ័យ២៤ឆ្នាំរូបនេះ ដែលកំពុងតែបំពេញការតព្វកិច្ចអន្តរជាតិជាមួយនឹងក្រុមជម្រើសជាតិអាហ្សង់ទីន។ ការពិភាក្សានានា នឹងត្រូវបន្តនៅថ្ងៃសុក្រនេះ ស្របពេលដែលរចនាសម្ព័ន្ធនៃការទូទៅគឺជាបញ្ហាដែលត្រូវដោះស្រាយ។ តម្លៃខ្លួននៃការផ្ទេរគឺមានចំនួន៥០លានអឺរ៉ូ (ស្មើនឹង៥០,១៦លានដុល្លារអាមេរិក) បូកទាំងប្រាក់ឧបត្ថម្ភនានាបន្ថែមទៀត សម្រាប់ការទិញយកកីឡាករ Martinez ដែលបានចំណាយពេល៣រដូវកាលនៅក្លិប Ajax ក្រោមការដឹកនាំរបស់លោក Erik Ten Hag ដែលជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Man United។
Martinez បានឈ្នះពានក្របខ័ណ្ឌលីគ២លើក និងពាន Dutch Cup ១លើកជាមួយនឹងក្រុម Ajax បើគិតចាប់តាំងពីផ្ទេរមកពីក្លិប Defensa y Justicia របស់អាហ្សង់ទីន ក្នុងឆ្នាំ២០១៩។ ស្របពេលជាមួយគ្នានេះ Man United បានបដិសេធក្នុងការបោះបង់លើការប្រមាញ់ទិញខ្សែបម្រើដ៏មានឥទ្ធិពល Frenkie de Jong និងបានយល់ព្រមលើការផ្ទេរមួយជាមួយនឹងក្លិប Barcelona ក្រោយពីការពិភាក្សាគ្នាបន្ថែមទៀត។ កញ្ចប់ទឹកប្រាក់នៃការផ្ទេរខ្សែបម្រើអន្តរជាតិហូឡង់រូបនេះ នឹងធ្វើឲ្យ Man United ត្រូវចំណាយសរុប៨៥លានអឺរ៉ូ ក្នុងនោះតម្លៃខ្លួនជាគោលគឺ៧៥លានអឺរ៉ូ៕
ប្រភពព័ត៌មាន៖ The Guardian