(ភ្នំពេញ)៖ ពិតជាគួរឲ្យចាប់អារម្មណ៍មែន! សម្រាប់ក្លឹបបាល់ទាត់វិសាខា ស្របពេលល្បីថា ក្លឹបកំពុងចាប់អារម្មណ៍កីឡាករកម្ពុជា ៣រូប ដែលត្រូវបានក្លឹបនៃលីគកំពូលម៉ាឡេស៊ី ផ្ដាច់កិច្ចសន្យាកាលពីពេលថ្មីៗរួមមាន ចាន់ វឌ្ឍនាកា, ប្រាក់ មុន្នីឧត្តម និង កែវ សុខផេង នៅរសៀលថ្ងៃពុធនេះ ក្រុមចំណូលថ្មីនេះ នឹងរៀបចំសន្និសីទសារព័ត៌មានមួយ នៅការិយាល័យរបស់ខ្លួន ដើម្បីបង្ហាញពីវត្តមានសមាជិកថ្មី (មិនបញ្ជាក់ចំនួន)។ ចាំមើលតើអាចមានកីឡាករ វឌ្ឍនាកា-ឧត្តម និង សុខផេង ដូចព័ត៌មានល្បីខាងលើ ឬយ៉ាងណា?
យោងតាមការជូនដំណឹងលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្លឹបឡើងមកពីលីគលំដាប់ទី២ នេះបានឲ្យដឹងថា សន្និសីទនេះ នឹងធ្វើឡើងនាវេលាម៉ោង ១៖៣០នាទីរសៀលនេះ ដើម្បីបង្ហាញពីកីឡាករថ្មី ដែលត្រូវរួមរស់ជាមួយក្រុមខ្លួន ត្រៀមការប្រកួតជើងទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៨។ បច្ចុប្បន្នវិសាខា កំពុងឈរលេខរៀងទី៤ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួត ឈ្នះ៤ ស្មើ១ និងចាញ់២ មាន១៣ពិន្ទុ។ ប្រកួតចុងក្រោយវិសាខា ចាញ់ក្រុមក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផលបច្ចេកទេស ៣-១៕