(ភ្នំពេញ)៖ កីឡាប្រដាល់គុនខ្មែរ, កាយសម្ព័ន្ធ និងកីឡាបេស្បល នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតថ្ងៃដំបូងរបស់ខ្លួន នៅក្នុងមហាព្រឹត្តិការណ៍កីឡាជាតិ លើកទី២ នាថ្ងៃទី៣០ ខែឧសភានេះ ប៉ុន្ដែប្រកួតនៅទីតាំង ៣ផ្សេងៗគ្នា ដោយក្នុងនោះគុនខ្មែរ ប្រកួតនៅពហុកីឡដ្ឋានជាតិមរតកតេជោ, កាយសម្ព័ន្ធ ប្រកួតនៅពហុកីឡដ្ឋានជាតិ និងកីឡាបេស្បល ប្រកួតនៅទីលានខេត្តកំពង់ធំ។

ការចាប់ផ្ដើមប្រកួតនូវកីឡា ៣ប្រភេទខាងលើ គឺស្របពេលកីឡាចំនួន ៨ប្រភេទ បានបញ្ចប់ការប្រកួតទាំងស្រុងរួមមានកីឡាហែលទឹក, វាយកូនបាល់, យូដូ, ចំបាប់, តេក្វាន់ដូ ITF, សីដក់, វ៉ូវីណាម និងកីឡាវាយសី។ ក្នុងព្រឹត្តិការណ៍កីឡា ២ឆ្នាំម្ដងនេះ កីឡាសរុប ២៧ប្រភេទត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ដាក់ឲ្យប្រកួតប្រជែង ដូច្នេះនៅសល់កីឡា ១៩ប្រភេទទៀត ដែលត្រូវបន្ដការប្រកួតរហូតដល់ថ្ងៃទី០៤ ខែមិថុនា ដែលជាថ្ងៃបិទកីឡាជាតិ លើកទី២។

ដោយឡែកបើកក្រឡេកមើលលទ្ធផលបណ្ដោះអាស្ន គិតត្រឹមល្ងាចថ្ងៃទី២៩ ខែឧសភា ក្រុមអត្តពលិកក្រសួងមហាផ្ទៃ កំពុងឈរកំពូលតារាងមេដាយ ដណ្ដើមបានមេដាយសរុប ៥គ្រឿង មានមេដាយមាស២៥, ប្រាក់១១ និងសំរឹទ្ធ១៤ ហើយតាមពីក្រោយដោយក្រុមអត្តពលិករាជធានីភ្នំពេញ ឈរលេខ២ មានមេដាយសរុប ៥៧គ្រឿង គឺមានមេដាយមាស២៣, ប្រាក់១៩ និងសំរឹទ្ធ១៥។ រីឯខេត្ត៤ មិនទាន់ស្គាល់ឈ្នះមេដាយទេ គឺមានខេត្តប៉ៃលិន, រតនគិរី, មណ្ឌលគិរី និងខេត្តក្រចេះ៕


Via :khmertalking