(ភ្នំពេញ)៖ ស្ងាត់ៗ ស្របពេលកម្ពុជា កំពុងមមាញឹកជាមួយការប្រកួតកីឡាជាតិ លើកទី២ សហព័ន្ធកីឡាគុនដាវកម្ពុជា បានបញ្ជូនអត្តពលិកខ្លួន ៩នាក់ទៅចូលរួមប្រកួតជ្រើសរើសជើងឯកកីឡាគុនដាវសាកលវិទ្យាល័យអាស៊ី Asian Varsity Fencing Championship លើកទី១៧ នៅប្រទេសសិង្ហបុរី ហើយបេសកកម្មនេះបានបញ្ចប់ដោយផ្លែផ្កា ក្រោយអត្តពលិកកម្ពុជាដណ្ដើមបានមេដាយ ៥គ្រឿង គឺមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៤ ដែលបាននាំយកមកដល់មាតុភូមិវិញ កាលពីយប់មិញ ។
លោក សុខ អាង អគ្គលេខាធិការសហព័ន្ធកីឡាគុនដាវកម្ពុជា បានឲ្យថា ព្រឹត្តិការណ៍នេះ បានធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ដោយមានក្រុមកីឡាករ-កីឡាការិនីតំណាងសាកលវិទ្យាល័យ និងវិទ្យាស្ថានចំនួន ១៩ ចូលរួម ក្នុងនោះក៏មានវត្តមានកីឡាករកម្ពុជា ៦នាក់ និងកីឡាការិនី ៣នាក់ផងដែរ ។ ចំពោះលទ្ធផលការប្រកួតទោះបីមិនទទួលបានមេដាយមាស ប៉ុន្ដែលោកបានចាត់ទុកនេះគឺជាសមិទ្ធិផលដ៏ល្អមួយ សម្រាប់កីឡាគុនដាវកម្ពុជា ដែលទើបមានការរីកចម្រើនប្រមាណ ១ឆ្នាំចុងក្រោយ ។
លោកនិយាយថា «ចូលរួមលើកនេះ អ្វីដែលយើងមិនទទួលបានមេដាយមាស គឺការត្រៀមរបស់យើង និងស្មានរបស់យើង វាខុសគោលដៅបន្ដិច ព្រោះមានកីឡាករជម្រើសជាតិរបស់សិង្ហបុរី តំណាងឲ្យសាកលវិទ្យាល័យមួយចូលរួម ។ ដោយហេតុនេះទើបធ្វើឲ្យកីឡាករកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ បន្ទាប់ពីប៉ះកីឡាករជើងខ្លាំងសិង្ហបុរី នៅវគ្គផ្ដាច់ព្រ័ត្រ» ។ តែយ៉ាងណានេះគឺជាបទពិសោធន៍មួយដ៏ល្អសម្រាប់កម្ពុជា ដើម្បីត្រៀមបន្ដចូលរួមប្រកួតលើឆាកអន្ដរជាតិនាពេលក្រោយ ។
លោកបន្ដថា «រយៈពេល ១ឆ្នាំចុងក្រោយនេះ កីឡាករ-កីឡាការិនីគុនដាវកម្ពុជាមានការរីកចម្រើនគួរសម ដែលអាចប្រកួតប្រជែងកម្រិតតំបន់បាន តែបើធៀបនឹងអត្តពលិករបស់សិង្ហបុរី គឺនៅមានគម្លាតឆ្ងាយពីគ្នានៅឡើយ ព្រោះសិង្ហបុរីមានកីឡាករច្រើន ដែលឈានដល់ការប្រកួតអូឡាំពិក» ។ ប៉ុន្ដែយ៉ាងណាក្នុងនាមសហព័ន្ធ លោកបានប្ដេជ្ញាចិត្ត នឹងជំរុញកីឡាគុនដាវកម្ពុជា ឈានទៅដល់កម្រិតខ្ពស់ តាមរយៈការបង្កើនការហ្វឹកហាត់ និងចូលរួមការប្រកួតកម្រិតអាស៊ីឲ្យបានច្រើន ។
សូមបញ្ជាក់ថា មេដាយដែលអត្តពលិកកម្ពុជាដណ្ដើមបានពីព្រឹត្តិការណ៍កម្រិតអាស៊ីខាងលើ រួមមានវិញ្ញាសាបុរសដាវតូចក្រុម(កីឡាករ ជឹម ធារ៉ា, ឃឹម សាមាន, ថុង តាំងជីន និងកីឡាករ សំ សិទ្ធិបញ្ញា) ទទួលបានមេដាយប្រាក់ ១គ្រឿង, វិញ្ញាសានារីដាវធំជាក្រុម(កីឡាការិនី យី លីហ្សា, ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី) ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង, វិញ្ញាសានារីដាវកាប់ជាក្រុម(កីឡាការិនី យី លីហ្សា, ជុំ សុវណ្ណារ៉ុង និងកីឡាការិនី រៀម ចាន់ដារ៉ារស្មី) ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ខណៈមេដាយសំរឹទ្ធ ២គ្រឿងទៀត ដណ្ដើមបានលើវិញ្ញាសាឯកត្តជនដាវធំ និងវិញ្ញាសាក្រុមដាវធំ ៕