ភ្នំពេញ៖ ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានប្រកាសបញ្ចប់កុងត្រាកីឡាករ Song Chihoon ដែលជាដើមចមនៃការប៉ះទង្គិចគ្នា អំឡុងជួបក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង កាលពីចុងសប្ដាហ៍កន្លងទៅហើយ គ្រាដែលសមាជិកម្នាក់ទៀត គឺកីឡាករជប៉ុន Yudai Ogawa ត្រូវបានពិន័យកាត់ប្រាក់ខែចំនួន ២ខែ ។ បន្ទាប់ពីការពិន័យនេះដែរ ត្រូវបានអ្នកគាំទ្រទន្ទឹងចាំមើលក្រុមព្រះខ័នរាជស្វាយរៀងវិញ តើមានវិធានការបែបណា ព្រោះកីឡាករ ៣រូបក៏ទទួលបានកាតក្រហម ក្នុងហេតុការណ៍នោះដែរ ។
ការប្រកាសពិន័យកីឡាករបរទេសទាំង ២រូបរបស់ក្រសួងការពារជាតិ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានកាលពីល្ងាចមិញ ដោយមានការចូលរួមពីអគ្គលេខាធិការក្លឹបលោក ខូវ ឆាយ ហើយលោកក៏បានសុំទោសជាសាធារណៈ ចំពោះរឿងប៉ះទង្គិចគ្នាដ៏អាក្រក់ ដែលមានការវាយតប់ក្នុងទីលាន រហូតដល់ក្រៅទីលានោះផងដែរ ។ ដោយហេតុនេះ ទើបក្លឹបអនុវត្តតាមបទបញ្ជាផ្ទៃក្នុងរបស់ក្លឹប និងកិច្ចសន្យា ដោយផ្ដាច់កុងត្រាកីឡាករកូរ៉េ Song Chihoon និងពិន័យកាត់ប្រាក់ខែ Yudai Ogawa ដើម្បីជាការព្រមានដល់កីឡាករដទៃ ។
លោក ខូវ ឆាយ និយាយថា «នេះគឺជាបទបញ្ជារបស់ក្លឹប យើងបានចែងហើយ អ្នកណាដែលចូលរួម ឬបង្កើតនូវអំពើហិង្សាលើទីលាន ដែលខុសនឹងលក្ខខណ្ឌការប្រកួត យើងត្រូវតែបញ្ចប់កិច្ចសន្យាតែម្ដង ។ ចឹងការសម្រេច Song Chihoon ដែលគាត់ជាអ្នកបានចូលរួមអំពើហិង្សាហ្នឹង គឺយើងបញ្ចប់កិច្ចសន្យាចាប់ពីពេលនេះ ហើយកីឡាករ Yudai គឺយើងធ្វើការពិន័យកាត់ប្រាក់ខែរយៈពេល ២ខែ សម្រាប់ជាការព្រមានដល់កីឡាករដទៃទៀតក្នុងក្លឹប គឺដាច់ខាតមិនអនុញ្ញាតឲ្យមានអំពើហិង្សាកើតឡើងលើទីលាននាថ្ងៃអនាគតនោះទេ» ។
ដោយឡែកចាប់អារម្មណ៍ចំពោះក្លឹបព្រះខ័នរាជស្វាយរៀង ដែលមានកីឡាករ ៣នាក់ ត្រូវបានពិន័យកាតក្រហម អំឡុងពេលប៉ះទង្គិចគ្នានោះ នៅមិនទាន់ប្រកាសពីវិធានការរបស់ក្លឹបលើពួកគេ ឬយ៉ាងណានោះទេ ដែលធ្វើឲ្យអ្នកគាំទ្រទន្ទឹងចង់ដឹង ព្រោះកីឡាករព្រះខ័នរាជស្វាយរៀង ក៏មិនចំណាយក្នុងហិង្សានោះផងដែរ រួមមានកីឡាករ សឿយ វិសាល, ណុប តុលា និងសុក សំណាង ដែលសុទ្ធតែជាកីឡាករសំខាន់របស់ក្លឹប ។ ចំណែកសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏មិនទាន់មានសេចក្ដីប្រកាសណាមួយ ដើម្បីចាត់វិធានការលើក្លឹបទាំងពីរ ចំពោះការប៉ះទង្គិចទ្រង់ទ្រាយធំខាងលើនោះដែរ ។
សូមរំឭកថា កាលពីថ្ងៃទី០៣ ខែមិថុនា ក្រុមព្រះខ័នរាជស្វាយរៀង បានបើកទ្វារផ្ទះទទួលក្រុមក្រសួងការពារជាតិ ហើយក្រោយក្រុមភ្ញៀវនាំមុខ ២-១ រហូតដល់នាទីចុងម៉ោង ស្រាប់តែមានការប៉ះទង្គិចគ្នា ដោយផ្ដើមចេញពីការប៉ះគ្នារវាងកីឡាករ ណុប តុលា និង Song Chihoon ។ បន្ទាប់មកក៏មានការចូលទៅសម្របសម្រួលពីសមាជិកក្រុមទាំងពីរ តែលទ្ធផលមិនល្អនោះទេ ដោយផ្ទុយជាការវាយតប់គ្នាទៅវិញ ។ ក្នុងហេតុការណ៍ដ៏អាក្រក់នោះ អាជ្ញាកណ្ដាលបានសម្រេចពិន័យកាតក្រហមកីឡាករក្រសួងការពារជាតិ ២នាក់ និងកីឡាករព្រះខ័នរាជស្វាយរៀង ៣នាក់ឯណោះ ៕