ក្រុម​អត្ត​ព​លិ​ក​កីឡា​គុន​ដាវ​កម្ពុជា បាន​ធ្វើ​ដំណើរ​មកដល់​មាតុភូមិ​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​ចូលរួម​ប្រកួត​ជ្រើសរើស​ ជើងឯក​កីឡា​គុន​ដាវ​សាកលវិទ្យាល័យ​អាស៊ី ឲលើក​ទី​១៧ នៅ​ប្រទេស​សិង្ហ​បុរី ដោយ​នាំមក​ជាមួយ​នូវ​មេដាយ ៥​គ្រឿងរួមមាន​មេដាយ​ប្រាក់១ និង​សំរឹទ្ធ៤ ទៀត​ផង​។

បេសកកម្ម​នេះ​បាន​ធ្វើឡើង​ស្រប​ពេល​កម្ពុជា កំពុង​មមាញឹក​ជាមួយ​ការប្រកួត​កីឡា​ជាតិ​លើក​ទី​២ ហើយ​បាន​បញ្ចប់​ក្នុង​ថ្ងៃ​តែមួយពោល​គឺ​នៅ​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​មិថុនា​កន្លងទៅ។​ ចំពោះ​សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​សម្រាប់​កីឡា​គុន​ដាវ​កម្ពុជា​លើក​នេះ មេដាយ​ប្រាក់​គឺ​ដណ្ដើម​បាន​លើ​វិញ្ញាសា​បុរស​ដាវ​តូច​ក្រុម រួមមាន​កីឡាករ ជឹម ធារ៉ា​, ឃឹម សា​មាន​, ថុង តាំង​ជីន និង​កីឡាករ សំ សិទ្ធិ​បញ្ញា។ ចំណែក​មេដាយ​សំរឹទ្ធ ៤​គ្រឿងគឺ​ដណ្ដើម​បាន​លើ​វិញ្ញាសា​នារី​ដាវ​ធំ​ជា​ក្រុម មាន​កីឡា​ការិនី យី លីហ្សា​, ជុំ សុ​វណ្ណា​រ៉ុង និង​កីឡា​ការិនី រៀម ចាន់​ដា​រ៉ា​រស្មី​, វិញ្ញាសា​នារី​ដាវ​កាប់​ជា​ក្រុម មាន​កីឡា​ការិនី យី លីហ្សា​, ជុំ សុ​វណ្ណា​រ៉ុង និង​កីឡា​ការិនី រៀម ចាន់​ដា​រ៉ា​រស្មី​, វិញ្ញាសា​ឯកត្តជន​ដាវ​ធំ និង​វិញ្ញាសា​ក្រុម​ដាវ​ធំ។

​លោក សុខ អាង អគ្គលេខាធិការ​សហព័ន្ធ​កីឡា​គុន​ដាវ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​នេះ​បាន​ធ្វើឡើង​រយៈពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​០២-០៤ ខែ​មិថុនា ដោយមាន​ក្រុម​កីឡាករ​-​កីឡា​ការិនី​តំណាង​សាកលវិទ្យាល័យ និង​វិទ្យាស្ថាន​ចំនួន១៩ ចូលរួមក្នុង​នោះ​ក៏​មាន​វត្តមាន​កីឡាករ​កម្ពុជា ៦​នាក់ និង​កីឡា​ការិនី ៣​នាក់​ផង​ដែរ​។ ចំពោះ​លទ្ធផល​ការប្រកួត​ទោះបី​មិន​ទទួល​បាន​មេដាយ​មាស ប៉ុន្តែ​លោក​បាន​ចាត់​ទុក​នេះ​គឺជា​សមិទ្ធផល​ដ៏​ល្អ​មួយ សម្រាប់​កីឡា​គុន​ដាវ​កម្ពុជា​ដែល​ទើប​មាន​ការ​រីក​ចម្រើន​ប្រមាណ ១​ឆ្នាំ​ចុងក្រោយ។

​លោក​បន្ត​ថា ការចូលរួម​លើក​នេះអ្វី​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ របូត​ឱកាស​ឈ្នះ​មេដាយ​មាស គឺ​ដោយសារ​ការត្រៀមខ្លួន​មិនបាន​ល្អ និង​ការ​ស្មាន​ខុស​របស់​ខ្លួនដែល​ខុស​គោលដៅ​បន្តិច ព្រោះ​មាន​កីឡាករ​ជម្រើស​ជាតិ​របស់​សិង្ហ​បុរី តំណាង​ឲ្យ​សាកលវិទ្យាល័យ​មួយ​ចូលរួម ។ ដោយ​ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា ទទួល​បាន​ត្រឹម​មេដាយ​ប្រាក់ បន្ទាប់ពី​ប៉ះ​កីឡាករ​ជើង​ខ្លាំង​សិង្ហ​បុរីនៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ តែ​យ៉ាងណា​លោក​បាន​ចាត់​ទុក​នេះ គឺជា​បទពិសោធន៍​មួយ​ដ៏​ល្អ​សម្រាប់​កម្ពុជា ដើម្បី​ត្រៀម​បន្ដ​ចូលរួម​ប្រកួត​លើ​ឆាក​អន្តរជាតិ​នា​ពេល​ក្រោយ៕
Via: BTV