កីឡាករកម្ពុជា ម៉ា វីរ៉ូ នៅតែបន្តគ្រងតំណែងជើងឯក ក្នុងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨ ឆ្នាំ២០១៨ ឯអ្នកចូលរួមប្រមាណ ៥០០០នាក់ទៀត ទទួលបានការសរសើរពី លោក ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជារដ្ឋមន្រ្តីក្រសួងទេសចរណ៍។

សម្រាប់ការប្រកួត ដែលបានចេញដំណើរ និងបញ្ចប់ទី នៅពីខាងមុខព្រះបរមរាជវាំង កាលពីព្រឹកថ្ងៃអាទិត្យ ម្សិលមិញ កីឡាករកម្ពុជា ម៉ា វីរ៉ូ បានប្រើពេល ១:១៦:៣០ ម៉ោង ក្នុងការមកដល់ទីផ្តាច់ព្រ័ត្រ ដើម្បីក្លាយជាម្ចាស់ជើងឯក ការរត់ពាក់កណ្តាលម៉ារ៉ាតុង (២១គីឡូម៉ែត្រ) គឺតិចជាងកីឡាករជប៉ុន មានសញ្ជាតិខ្មែរ Takizaki Kuniaki ដែលប្រើថិរវេលា ១:១៧:៥១ ម៉ោង ដើម្បីបានលេខ២ ហើយកីឡាករជប៉ុន Homma Hiroshi ចំណាយពេល ១:១៨:១៩ ម៉ោង ដើម្បីទទួលបានលេខ៣។

ចំណែកកីឡាការិនី Hamill Jill របស់អង់គ្លេស ក៏បានរក្សាតំណែងជើងឯក ក្នុងការរត់ចម្ងាយ ២១គីឡូម៉ែត្ររបស់ខ្លួន នៅឆ្នាំនេះផងដែរ។ Hamill Jill បានចំណេញពេលត្រឹម ១:២៩:០៣ ម៉ោង ក្នុងការមកដល់ទីផ្តាច់ព្រ័ត្រ ខណៈកីឡាការិនីជាប់លេខ២ Sasaki Natsuko របស់ជប៉ុន ប្រើពេល ១:៣៦:១៦ ម៉ោង ហើយកីឡាការិនីមកពីវៀតណាម Yeuvo Jencks ធ្វើបានក្នុងថិរវេលា ១:៤៥:១៥ ម៉ោង ដើម្បីបានលេខ៣។

ដោយឡែកការរត់ចម្ងាយ១០គីឡូម៉ែត្រវិញ កីឡាករបារាំង Chharnet Stephane បានទទួលចំណាត់ថ្នាក់លេខ១ ដោយប្រើពេល ៣៤:២១ នាទី ហើយលេខ២បានទៅ Andarge Tamiru ដោយចំណាយពេល ៣៦:៣៨ នាទី ខណៈកីឡាករកម្ពុជា វ៉ាន់ ភារ៉ា ធ្វើបានក្នុងថិរវេលា ៣៧:០១ ដើម្បីជាប់លេខ៣។

ចំណែករត់ ១០គីឡូម៉ែត្រផ្នែកនារី លេខ១បានទៅកីឡាការិនីមកពីប្រទេសឡាវ Lodkeo Inthakoumman ដោយប្រើថិរវេលា ៤១:៣៨.៥១ នាទី លេខ២ បានទៅកីឡាការិនីរបស់កម្ពុជា បូ សំណាង ជាមួយថិរវេលា ៤៧:០៩.៤២ នាទី ហើយកីឡាការិនីកម្ពុជា ហេង ម៉េងជូ បានចំណាយពេល ៤៨:៥១.៤៣ ដើម្បីបានលេខ៣។

ទាក់ទងទៅនឹងទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិ លើកទី៨ ឆ្នាំ២០១៨នេះ ដែលមានរត់២១គីឡូម៉ែត្រ (បុរស-នារី) ១០គីឡូម៉ែត្រ (បុរស-នារី) និងរត់បែបកម្សាន្ត ៣គីឡូម៉ែត្រ(បុរស-នារី)នេះ លោក ថោង ខុន ប្រធាន NOCC ថ្លែងក្រោយការប្រកួតថា៖ មានអ្នកចូលរួមសរុបចូល ៥០០០នាក់ គឺកើនឡើងជាងឆ្នាំមុន ប្រមាណ១៥ភាគរយ ហើយអ្នកទាំងនោះ មកពី៣៦ប្រទេស ដោយក្នុងនោះជនជាតិជប៉ុន ច្រើនជាងគេ បន្ទាប់មក ចិន និងបារាំង។

ប្រធាន NOCC លោក ថោង ខុន បានបន្ថែមថា៖ «យើងមានជាមានការសប្បាយរីករាយ ដោយបានឃើញ អ្នកចូលរួមទាំងកម្ពុជា និងបរទេសចូល៥០០០នាក់ បានចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ដើម្បីអបអរសាទរនូវខួបកំណើតសម្តេចម៉ែរបស់យើង ដែលធ្វើឲ្យព្រឹត្តិការណ៍នេះ ប្រព្រឹត្តិដោយជោគជ័យ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូឧត្ថម្ភរបស់យើង»។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍រូបនេះ បានបញ្ជាក់ថា៖ «ពិសេសទៅទៀត ពាក្យស្លោករបស់យើង គឺរត់ដើម្បីទីក្រុងស្អាត ធ្វើយ៉ាងណាឲ្យទីក្រុងភ្នំពេញយើង ក្លាយជាគោលដៅទេសចរមួយដ៏ទាក់ទាញ អ៊ីចឹងបងប្អូនទាំងអស់ស្តាប់បាន និងយល់ពីអ្វីថា អនាម័យស្អាត ទីក្រុងស្អាត និងខិតខំការពារបរិស្ថាន ដោយលើកនេះបងប្អូន មិនបោះចោលនៅសម្រាម ផ្តេសផ្តាសទេ សូម្បីតែដបទឹកសុទ្ធ ក៏បងប្អូនរើសដោយខ្លួនឯង យកទៅដាក់ក្នុងធុងសម្រាម។ នេះបង្ហាញថា ការយល់ដឹងរបស់បងប្អូន គឺមានការរីកចម្រើនណាស់ពី១ឆ្នាំ ទៅ១ឆ្នាំ»៕