សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាននឹងកំពុងបើកការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកប្រចាំឆ្នាំ២០១៨ ដើម្បីស្វែងរកជើងខ្លាំងមានសមត្ថភាព ត្រៀមចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា នៅឆ្នាំ២០១៩។
ការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯក ប្រចាំឆ្នាំ២០១៨ នេះ បើកចាប់ដំណើរការប្រកួត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីព្រឹកថ្ងៃពុធនោះ នឹងគ្រោងបញ្ចប់ នៅថ្ងៃប្រហស្បតិ៍ស្អែកនេះ ដោយមានអ្នកចូលរួមចំនួន ៤៨នាក់។
កីឡាករទាំង ៤៨នាក់នោះ ត្រូវបានបែងចែកការប្រកួតជា ៨ពូល ដោយក្នុង ១ពូលមាន ៦នាក់ ក្នុងនោះពូល A មានកីឡាករ សោម វណ្ណឌី, គង់ សុភាព, ឃី ចំរើន, សុខ លឹមហេង, ហូយ សូណា, ខូវ គីមសែ។ ពូល B មានកីឡាករ វេង ម៉េងលាភ, លី សេងហួ, លឹម ផល្លា, ម៉ុត សោភ័ណ្ឌ, ឡៅ លីម៉េន, ថេង សេងហៀក។ ពូល C មាន ជា ភាណុ, តាំង ដារ៉ា, ប៊ិន គាសេង, នូ ចាន់ផានិត, សុខ សំបូរ, ញឹម វណ្ណារ៉ូ។
ចំណែកពូល D មានកីឡាករ ទេស សារ៉ាវី, ហេង សៅឌី, ឈីវ បូរ៉ា, ស៊ីន ដាវី, ម៉េង សេរីសម្បត្តិ, តិច ស៊ីប៉ូ។ ពូល E មាន ឈិន សំណាង, សុខ ម៉ារិន, សំ ប្រុសសី, ស៊ីវ ស៊ីន, ម៉ម ស៊ីថា, យ៉ាន សុខលៀង។ ពូល F មាន ឃីម ឃឹម, មាស សុភ័ក្រ, ច័ន្ទ ប្រាថ្នា, កែវ វឌ្ឍនា, ប៉ោ សារិទ្ធ, រៀម វាសនា។ ពូល G មាន ណិប ចាន់ថាវី, ម៉ៅ អាយុវ័ន, រស់ រិទ្ធីយ៉ា, លឺ ពិសិដ្ឋ, មក សៅភារិទ្ធ, ប៊ូ ប៊ុនមូលីកា និងពូល H មាន គឹម នេត្រា, ម៉ាត់ សេន, វ៉ាន់ វាស៊ីន, តាំង ប៉ោទី, ឆយ វីរ៉ា និងកីឡាឡេង ម៉ង់ហួត។
នៅតាមពូលទាំង ៨នេះ ត្រូវធ្វើការប្រកួតវិលជុំ ដោយម្នាក់ត្រូវប្រកួតចំនួន ៥លើក ហើយអ្នកមានពិន្ទុខ្ពស់ជាងគេចំនួន ២នាក់ តាមពូលទាំង៨ សរុប ១៦នាក់ ត្រូវឡើងទៅប្រកួតនៅវគ្គខ្វែង ១៦នាក់ចុងក្រោយ ដើម្បីរកអ្នកឈ្នះឡើងទៅប្រកួតនៅវគ្គជាបន្តទៀត ខណៈព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើង ដើម្បីរកកីឡាករល្អៗ និងមានសមត្ថភាព សម្រាប់ដាក់ចូលហ្វឹកហាត់ ក្នុងក្រុមជម្រើសជាតិកីឡាអុកចត្រង្គ នៅឆ្នាំ២០១៩ ខាងមុខ៕