ព្រឹត្តិ្កការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ ឆ្នាំ២០១៨ មានការបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមម្ចាស់ជើងឯកដល់ជិត១ម៉ឺនដុល្លារ ប៉ុន្តែការកើនឡើងនៃចំនួនក្រុមចូលរួម អាចនឹងធ្វើឲ្យការប្រកួតប្រជែងយកពាន និងប្រាក់រង្វាន់យ៉ាងច្រើននេះ មានភាពតានតឹងខ្លាំងជាងឆ្នាំ២០១៧។

តាមខ្លឹមសារ ដែលត្រូវបានប្រកាស នៅក្នុងកិច្ចប្រជុំ ចាប់ពូល កាលពីថ្ងៃអាទិត្យ កន្លងមកនេះ បានឲ្យដឹង ការប្រកួតពានរង្វាន់សម្តេច ហេង សំរិន ឆ្នាំ២០១៨នេះ គឺក្រុមម្ចាស់ជើងឯក នឹងទទួលបានប្រាក់រង្វាន់រហូតដល់៣២លានរៀល គឺកើនជាងឆ្នាំ២០១៧ ចំនួន៧លានរៀល។

បន្ថែមលើនេះ លោក ធុល នាង ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាប្រធានគណៈកម្មការរៀបចំការប្រកួតនេះ បានអះអាងថា ក៏នឹងមានបន្ថែមប្រាក់រង្វាន់ ដល់អ្នកចាំទីល្អ អ្នកស៊ុតបាល់បញ្ចូលទីច្រើនជាងគេ ក្រុម Fair play ក្រុមលេខ២ និងក្រុមលេខ៣ ផងដែរ ខណៈប្រាក់រង្វាន់ កាលពីឆ្នាំ២០១៧ ក្រុមលេខ២បាន២០លានរៀល ក្រុមលេខ៣បាន១៥លានរៀល ក្រុម Fair play បាន៤លាន ហើយអ្នកចាំទីល្អ និងអ្នកស៊ុតបាល់ចូលទីច្រើនជាងគេ បាន៨០ម៉ឺនរៀល ដូចគ្នា។

លោក ធុល នាង បានថ្លែងថា៖ «យើង បានតម្លើងប្រាក់រង្វាន់ច្រើនជាងការប្រកួតកាលពីឆ្នាំមុន ប៉ុន្តែការប្រកួតនេះ នឹងមានភាពស្វិតស្វាញជាងមុន អ៊ីចឹងយើងសង្ឃឹមថា ក្រុមទាំងអស់នឹងលេងឲ្យអស់ពីសមត្ថភាព ដើម្បីធ្វើឲ្យការប្រកួតនេះ មានការជក់ចិត្ត និងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយពាននេះ នឹងផ្តល់ឱកាសដល់យុវជនយើង អាចក្លាយទៅជាកីឡាករអាជីព និងក្លាយជាទំពាំងស្នងឬស្សី សម្រាប់ជាតិរបស់យើង»។

គួរបញ្ជាក់ថា សម្រាប់ការរដូវកាលទី២ ឆ្នាំ២០១៨នេះ មានក្រុមចូលរួមចំនួន២១ គឺច្រើនជាងឆ្នាំ២០១៧ ដែលមានតែ១៦ក្រុម ហើយតាមរយៈការចាប់ឆ្នោត កាលពីថ្ងៃអាទិត្យនោះ កឺពូលA មានក្រុម TN Kandal សម្ព័ន្ធ គ.ស.ន.ប.ក Down Town Sport អគ្គនាយកដ្ឋានគយ និងរដ្ឋាករ និងក្រុមយ៉ារ៉ាយ៉ារ័ត្ន ឯពូលB មានក្រុមសម្ព័ន្ធយុវជនមូស្លិមកម្ពុជា យុវជនបៃតង បូរីរ៉ាត់អេហ្វស៊ី បាសាក់អេហ្វស៊ី និងក្រុម KMH Academy។

ចំណែកពូលCមានក្រុម Pisnoka FC ស្នងការនគរបាលខេត្តកំពត ម៉ាឌីណាអេហ្វស៊ី ISI Group United យុវជនវត្តវ៉ារិន្ទព្រែកលៀប និងក្រុមU19ព្រះខ័នរាជស្វាយរៀង ខណៈពូលD មានក្រុមអាណាចក្របៃតង Avatar FC ទន្សោងអេហ្វស៊ី X-Sport FC និងក្រុមយុវជនស្វាយជ្រុំ ហើយពូលទាំង៤នេះ ត្រូវប្រកួតវិលជុំតាមពូល ដែលចាប់ផ្តើមពីថ្ងៃទី២៦ ខែសីហាតទៅ ដើម្បីរកក្រុមលេខ១ និងលេខ២តាមពូលនីមួយៗ ឡើងទៅប្រកួតវគ្គ៨ក្រុម រួចឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី២០ ខែតុលា៕