ប្រវត្តិប្រកួតដ៏ល្អរបស់កីឡាការរិនីតេក្វាន់ដូរបស់កម្ពុជា ស៊ន សៀវម៉ី បានធ្វើឲ្យកីឡាការិនី Ranuri Wanthila របស់ស្រីលង្កា ដែលជាគូប្រកួត បានដកខ្លួនចេញពីការប្រកួតភ្លាមៗ ដោយមិនបានបញ្ជាក់ពីមូលហេតុ ហើយការដកខ្លួននេះ បានជួយឲ្យ សៀវម៉ី បានឡើងទៅកាន់ការប្រកួតវគ្គ ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅប្រទេសឥណ្ឌូនេស៊ី ដោយស្វ័យប្រវត្តិ។

ជ័យជម្នះ ដែលទទួលបានដោយមិនចាំបាច់ចំណាយកម្លាំងនេះ បានផ្តល់ឱកាសឲ្យម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៤ ស៊ន សៀវម៉ី ឡើងទៅជួបកីឡាការិនី Osipova Svetlana នៅក្នុងវគ្គ៨នាក់ចុងក្រោយ ដែលនឹងត្រូវធ្វើនៅរសៀលថ្ងៃអង្គារនេះ ខណៈកីឡាការិនីរបស់អ៊ូបេគីស្ថានវ័យ១៨ឆ្នាំរូបនេះ បានយកឈ្នះកីឡាការិនី Zahra របស់អ៊ីរ៉ង់ ជាមួយពិន្ទុ ៦-៣។


ជុំវិញការបោះបង់ការប្រកួតរបស់កីឡាការិនី Ranuri Wanthila ត្រូវបានលោក វ៉ាត់ ចំរើន នាយកបេសកកម្ម ការប្រកួតកីឡាអាស៊ីនេះ ធ្វើការប៉ាន់ស្មានថា៖ «មានករណី អាចបច្ចេកទេសឆ្ងាយពេក និងមានរបួសពេលហាត់ត្រៀម តែខ្ញុំគិតថា មកពីគម្លាតបច្ចេកទេស ខ្លាច ព្រោះគ្រូគេសម្រេចចិត្ត នៅនាទីចុងក្រោយជិតឡើងប្រកួត»។

ចំពោះលទ្ធផលការប្រកួតគូផ្សេងទៀត ក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមឡើងនេះដែរ កីឡាការិនី Ma Tinghsia របស់ឆាយនីសតៃប៉ិ បានឈ្នះ Barua Rodoli របស់ឥណ្ឌា ៥-០ ប៉ុន្តែកីឡាការិនី Rawal Nisha របស់នេប៉ាល់ បានចាញ់កីឡាការិនីចិន Gao Pan ដោយពិន្ទុ ២២-៦ ហើយ Rizki Delva របស់ម្ចាស់ផ្ទះឥណ្ឌូណេស៊ី បានចាញ់វៀតណាម Lam Thi Ha Thanh ៥-៣ ខណៈ Deniz Cansel របស់កាហ្សាក់ស្ថាន បានឈ្នះ Alora Kirstie Elaine របស់ហ្វីលីពីន ៨-៧។ រីឯកីឡាការិនី Khalim Mokhru របស់តាហ្ស៊ីគីស្ថាន ត្រូវបានគណៈកម្មការបានដកសិទ្ធិចេញពីការប្រកួតនេះ ធ្វើឲ្យកីឡាការិនី Tshering Lham របស់ប៊ូតាន់ បានឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិ។

ដោយឡែកកីឡាការិនីតេក្វាន់កូនកាត់ខ្មែរ-អាមេរិក ថិប កាសាន់ទ្រេ នីកូល (Casandre Nicole Tubbs) បានធ្លាក់ចេញពីការប្រកួតនេះ ត្រឹមវគ្គ៣២នាក់ដំបូង ក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម បន្ទាប់រូបនាងបានចាញ់ម្ចាស់មេដាយសំរិទ្ធកីឡាអាស៊ី Phan Thi Thuhien របស់វៀតណាមទាំងប្រផិតប្រផើយបំផុត គឺ ១៩-១៨ កាលពីព្រឹកមិញនេះដែរ៕