វិរៈនារីកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ដែលជាក្តីរំពឹងយ៉ាងសំខាន់ ក្នុងការដណ្តើមបានមេដាយឲ្យកម្ពុជា ក្នុងការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ (18th Asian Games) នៅប្រទេសឥណ្ឌូនេស៊ីនោះ គឺសល់ត្រឹមពាក្យ «សុំទោស» ទៅដល់ប្រជាជនកម្ពុជា បន្ទាប់ពីរូបនាង បានចាញ់កីឡាការិនី Osipova Svetlana របស់អ៊ូបេគីស្ថាន ក្នុងវគ្គ៨នាក់ចុងក្រោយ នៅថ្ងៃអង្គារនេះ។
បើទោះបីជា Osipova Svetlana មិនមានកំណត់ត្រាល្អដូច ស៊ន សៀវម៉ី ដែលធ្លាប់ឈ្នះមេដាយមាសពីការប្រកួតកីឡាអាស៊ីនេះ កាលពីឆ្នាំ២០១៤ និងឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតអន្តេរជាតិជាច្រើនទៀត ប៉ុន្តែម្ចាស់មេដាយប្រាក់ ក្នុងការប្រកួត Asian Indoor and Martail Arts Games 2017 Osipova Svetlana បានគ្រប់គ្រងការប្រកួតបានយ៉ាងល្អ ក្នុងការយកឈ្នះ ស៊ន សៀវម៉ី ជាមួយពិន្ទុ ៥-៣។
នៅក្នុងការប្រកួត២ទឹក ដោយ១ទឹកមាន២នាទីនោះ ស៊ន សៀវម៉ី ធ្វើបានល្អ នៅទឹកទី១ ដោយបានយកប្រៀបលើកីឡាការិនី Osipova Svetlana ជាមួយពិន្ទុនាំមុខ ៣-២ ហើយលទ្ធផលនេះបានធ្វើឲ្យប្រតិភូកម្ពុជា មានទំនុកចិត្ត នឹងបាននាំគ្នាស្រែកប្រាប់ ស៊ន សៀវម៉ី ឲ្យប្រឹងប្រែងវ៉ៃការពារពិន្ទុនាំមុខនេះ។
ប៉ុន្តែសម្រាប់ការប្រកួតនៅទឹកទី ២ ស៊ន សៀវម៉ី វាយចេញមិនបានល្អនោះទេ ហើយក៏សូវហ៊ានវាយសម្រុកទៅលើគូបករកួតនោះដែរ ហើយភាពកម្សោយរបស់ សៀវម៉ី បានផ្តល់ឱកាសឲ្យ Osipova Svetlana បង្កើតការវាយសម្រុក និងរកបាន៣ពិន្ទុបន្ថែម ក្នុងទឹកទី២នេះ ដើម្បីយកឈ្នះ ៥-៣ ហើយលទ្ធផលនេះបានជួយឲ្យ Osipova Svetlana មានមេដាយសំរឹទ្ធ ក្នុងដៃរួចជាស្រេច មុនឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាមួយការធ្លាក់ចេញពីការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ ត្រឹមវគ្គជម្រុះ៨នាក់ចុងក្រោយនេះ ស៊ន សៀវម៉ី បានសរសេរសារមួយឃ្លា បង្ហោះនៅលើផេចហ្វេសប៊ុករបស់នាង ក្រោយការប្រកួតបានបញ្ចប់ ដោយក្នុងនោះសារនោះ សៀវម៉ី បានសុំទោសទៅដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរូបនាងមិនអាចដណ្តើមយកមេដាយបានឲ្យកម្ពុជា៕
វិរៈនារីរបស់កម្ពុជា ស៊ន សៀវម៉ី សល់ត្រឹមពាក្យ «សុំទោស» ក្រោយចាញ់កីឡាការិនី អ៊ូបេគីស្ថាន ត្រឹមវគ្គជម្រុះ
អត្ថបទទាក់ទង